(ភ្នំពេញ)៖ ពេញមួយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News បានទទួលលិខិតពីអតីតថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៣១នាក់ របស់គណបក្សសង្គ្រោះជាតិដែលទើបរលាយ មកសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។
បើគិតត្រឹមយប់ថ្ងៃទី១៧ ខែវិច្ឆិកានេះ អតីតតំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប២១៦នាក់ហើយ ដែលបានសម្រេចចិត្តដើរចេញ ពីគណបក្សសង្គ្រោះជាតិដែលទើបរលាយ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
តាមលិខិតដែលអង្គភាព Fresh News ទទួលបាន អតីតចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ បានបញ្ជាក់យ៉ាងដូច្នេះថា កាលពីមុននឹកស្មានថា ការស៊ូដំណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិ ប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្ដែក្រោយពីបានឃើញនូវវីដេអូឃ្លឹប និងសកម្មភាពជាក់ស្ដែងពីការធ្វើបដិវត្តន៍ពណ៌ ញុះញង់បំបែកបំបាក់ជាតិខ្មែរ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជន។
នៅព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀត ចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិ ដែលចង់បន្តបម្រើប្រជាពលរដ្ឋ គឺបងប្អូនមានពេលវេលាច្រើនជាង១សប្តាហ៍ទៀត ដើម្បីមានឱកាសរួមជីវភាពនយោបាយ និងអាចបម្រើប្រជាពលរដ្ឋតទៅទៀត។
ការអំពាវនាវជាថ្មីរបស់សម្តេចតេជោជាលើកទី២នេះ ត្រូវបានសម្តេចអះអាងយ៉ាងច្បាស់ថា គឺមិនមែនជាការទិញដូរនោះឡើយ គឺគណបក្សប្រជាជនកម្ពុជា គ្មានប្រាក់ដើម្បីធ្វើការទិញដូរណាមួយនោះទេ គ្រាប់តែជាការផ្តល់ឱកាសដើម្បីឲ្យបងប្អូនដែលចង់បន្ត បម្រើប្រពលរដ្ឋមានពេលវេលាមកធ្វើកិច្ចការ ដើម្បីបម្រើប្រជាជន និងប្រទេសជាតិប៉ុណ្ណោះ៕