(ភ្នំពេញ)៖ បន្ទាប់ពីគណបក្សចំនួន៣ រួមមានគណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ, គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់, គណបក្ស សញ្ជាតិកម្ពុជា របស់លោក សេង សុខហេង ដែលកាលពីម្សិលមិញចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះតុលាការកំពូល កាត់រំលាយគណបក្សសង្រ្គោះជាតិ និងការផ្អាកសកម្មភាព នយោបាយរបស់មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ ដោយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សមួយទៀតហើយ គឺគណបក្សខ្មែររួបរួមជាតិ (ជាគណបក្សទី៤) បានចេញសេចក្តីថ្លែងការណ៍គាំទ្រដល់តុលាការកំពូល ដែលបានកាត់សេចក្តីរំលាយគណបក្សសង្រ្គោះជាតិ និងហាមឃាត់ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ចំនួន១១៨នាក់មិនឲ្យធ្វើនយោបាយរយះពេល៥ឆ្នាំ។
លើសពីនោះទៅទៀត គណបក្សខ្មែររួបរួមជាតិ សូមគាំទ្រសេចក្តីអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានមានប្រសាសន៏ឲ្យប្រជាពលរដ្ឋ រក្សានូវភាពស្ងប់ស្ងៀមដើម្បីរក្សាសន្តិភាពអោយបានគង់វង្ស។ ខាងក្រោមនេះជាខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់គណបក្សខ្មែររួបរួមជាតិ៖
សេចក្តីថ្លែងការណ៏
គណបក្សខ្មែររួបរួមជាតិ សូមគាំទ្រចំពោះសេចក្តីសំរេចរបស់តុលាការកំពូល ដែលបានចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់មិនអោយធ្វើនយោបាយរយះពេល៥ឆ្នាំ។
គណបក្សខ្មែររួបរួមជាតិ សូមគាំទ្រសេចក្តីអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៏អោយប្រជាពលរដ្ឋរក្សានូវភាពស្ងប់ស្ងៀម ក្នុងការអនុវត្តសេចក្តីសំរេចរបស់តុលាការកំពូល ដើម្បីរក្សាសន្តិភាពអោយបានគង់វង្ស និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីមានលទ្ធភាពអភិវឌ្ឍន៏ប្រទេសជាតិអោយបានជឿនលឿនទៅមុខ៕
ភ្នំពេញ, ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧
គណបក្សខ្មែររួបរួមជាតិ