(សៀមរាប)៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចុះអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០១៧-២០២០ សំដៅជំរុញលំហូរទេសចរប្រទេសជាតិ និងទេសចរប្រទេសទី៣ ឲ្យទៅមកទស្សនាតំបន់ប្រាសាទអង្គររបស់កម្ពុជា និងទីក្រុងបុរាញបាហ្គានរបស់មីយ៉ាន់ម៉ា។
អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក U Onh Maung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា ដែលមានឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ អញ្ជើញជាសាក្សី បន្ទាប់ពីបើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី១ (CTM) នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។
លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ក្រោយបញ្ចប់កិច្ចចុះអនុស្សរណៈថា អនុស្សរណៈរវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា នាពេលនេះ ធ្វើឡើងផ្ដោតសំខាន់លើផែនការកម្មវិធីអភិវឌ្ឍន៍វិស័យទេសចរណ៍រវាងកម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញឲ្យមានការអនុវត្ត និងការសហប្រតិបត្តិការគ្នារវាងប្រទេសទាំងពីរ ក្នុងការជំរុញលំហូរទេសចរពីកម្ពុជាទៅមីយ៉ាន់ម៉ា ពីមីយ៉ាន់ម៉ាមកកម្ពុជា និងទេសចរប្រទេសទី៣ផងដែរ។
លោក ទិត ចន្ថា បានបន្តថា ក្រៅពីនេះ អនុស្សរណៈខាងលើក៏បានផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការទេសចរណ៍ «អង្គរ-បាហ្គាន រាជធានីបុរាណពីរ គោលដៅទេសចរណ៍តែមួយ» ដោយមានការរំលេចពីសក្ដានុពលពីបុរាណដ្ឋានទាំងពីរ គឺអង្គរវត្តរបស់កម្ពុជា និងបាហ្គានរបស់មីយ៉ាន់ម៉ា ដែលមានសក្ដានុពលដ៏ធំក្នុងវិស័យទេសចរណ៍វប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរទៅមកទស្សនាតំបន់បេតិកភណ្ឌវប្បធម៌នៃប្រទេសទាំងពីរនេះ ឲ្យកាន់តែច្រើនឡើងថែមទៀត សំដៅទាក់យកផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងទេសចរណ៍ប្រទេសទាំងពីរ ក៏នឹងជំរុញឲ្យមានការហោះហើរត្រង់បន្ថែមទៀត ពីទីក្រុងបាហ្គានទៅមកខេត្តសៀមរាប-អង្គរផងដែរ ខណៈបច្ចុប្បន្នក៏មានជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅមករដ្ឋធានីរង់ហ្គូនរួចហើយ។
ក្រៅពីនេះ ភាគីទាំងពីរនឹងជំរុញឲ្យមានការផ្សព្វផ្សាយពីទេសចរណ៍ ការអប់រំបណ្ដុះបណ្ដាលជំនាញ ការផ្លាស់ប្ដូរទស្សនកិច្ច ផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ពីគ្នាទៅវិញទៅមកទាំងផ្នែករដ្ឋ និងឯកជនក្នុងវិស័យទេសចរណ៍ ពិសេសគឺទេសចរណ៍វប្បធម៌នេះតែម្ដង។
សូមជម្រាបថា រាជធានីបាហ្គាន (ខ្មែរបុរាញហៅថា ហង្សាវត្តី) គឺជាទីក្រុងបុរាណស្ថិតនៅកណ្ដាលប្រទេសមីយ៉ាន់ម៉ា ដែលធ្លាប់ជាទីក្រុងដ៏មានឥទ្ធិពលរុងរឿងបំផុតក្នុងប្រវត្តិសាស្ត្រភូមា កាលពីជិត១ពាន់ឆ្នាំមុន។ ទីក្រុងនេះមានប្រាសាទ និងចេតិយព្រះពុទ្ធសាសនាប្រមាណ ១ម៉ឺនកន្លែង ត្រូវបានកសាងចន្លោះសតវត្សទី១១ និងទី១៣ ប៉ុន្តែបច្ចុប្បន្ននៅសល់តែប្រាសាទ និងវត្តអារាមជាង ២ពាន់កន្លែងប៉ុណ្ណោះ។
នៅរសៀលដដែល លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រី U Onh Maung ផងដែរ អមជាមួយការចុះហត្ថលេខាលើកិច្ចសហប្រិបត្តិការ រវាងវិស័យឯកជនកម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីពង្រឹងទំនាក់ទំនង និងផ្លាស់ប្ដូរបទពិសោធន៍លើវិស័យទេសចរណ៍ ពីគ្នាទៅវិញទៅមក នៅសណ្ឋាគារសុខាសៀមរាប៕