(ភ្នំពេញ)៖ លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា តាមរយៈការអនុវត្តនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលឈរលើមូលដ្ឋាន នៃស្មារតីមហាសាមគ្គីជាតិ និងឯកភាពជាតិរាជរដ្ឋាភិបាល សម្រេចបាននូវការកសាងមូលដ្ឋានគ្រឹះ នៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់បំផុតសម្រាប់ការ អភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព។
លោក តុប សុភ័ក ថ្លែងបែបនេះ ក្នុងោកាសលោកអញ្ជើញជាអធិបតីតំណាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការគ្រប់គ្រងមន្រ្តីរាជការ និងកិច្ចការរដ្ឋបាលទូទៅ» នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក តុប សុភ័ក បានបន្តថា សន្តិភាពពេញលេញ ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមកបានផ្តល់ឲ្យយើងទាំងអស់គ្នានូវកាលានុវត្តភាព ដែលមិនធ្លាប់មានក្នុងការប្រមូលផ្តុំគ្រប់ធនធានទាំងអស់ ដើម្បីបម្រើឲ្យការស្តារ និងអភិវឌ្ឍន៍ប្រទេស។ នៅក្នុងរបត់ថ្មីនេះដើម្បីជំរុញឲ្យការអភិវឌ្ឍន៍ មានសន្ទុះលឿនទៅមុខ និងប្រកបដោយចីរភាព រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ធ្វើការកំណែទម្រង់លើគ្រប់វិស័យ ដែលក្នុងនោះការកែទម្រង់ លើវិស័យរដ្ឋបាលសាធារណៈ និងការរៀបចំឱ្យមានអភិបាលកិច្ចល្អ គឺជាគន្លឹះអាទិភាព។ ភាពទន់ខ្សោយ នៃរដ្ឋបាលសាធារណៈជំងឺការិយាល័យ និយម និងកង្វះខាតធនធានមនុស្សដែលប្រកបដោយសមត្ថភាព និងគុណភាពខាងផ្នែកសីលធម៌ និងវិជ្ជាជីវៈបាននិងកំពុងតែបន្តគំរាមគំហែង យ៉ាងធ្ងន់ធ្ងរដល់ជោគជ័យ នៃរាល់កម្មវិធីអភិវឌ្ឍន៍នានា។
ទន្ទឹមនឹងនេះ កង្វះខាតអភិបាលកិច្ចល្អ គឺជាមូលដ្ឋានដ៏សំខាន់ដែលនាំទៅដល់ការបាត់បង់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងចំណាយសាធារណៈ ការគៀងគរ និងបែងចែកធនធានដើម្បីគោលដៅអភិវឌ្ឍន៍ ការបាត់បង់គុណភាពក្នុងការផ្តល់សេវាសង្គម ភាពធូរលុង និងព្រងើយកន្តើយនៅក្នុងការ អនុវត្តច្បាប់ និងបទបញ្ជាផ្សេងៗ។ ជាលទ្ធផលសភាពការណ៍ទាំងនេះ បង្កឱ្យមានការបាត់បង់ជំនឿទុកចិត្តពីប្រជាពលរដ្ឋ វិនិយោគិន និងធុរៈជន ព្រមទាំងសហគមន៍អន្តរជាតិមកលើស្ថាប័នរដ្ឋ និងលើប្រទេសកម្ពុជា។
លោកអនុរដ្ឋលេខាធិកា បានបញ្ជាក់ថា ក្នុងគោលដៅទប់ស្កាត់នូវផលប៉ះពាល់អវិជ្ជមានទាំងនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ (២០១៣-២០១៨) ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។ ក្នុងនោះគោលដៅទី៤ គឺបន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ច នៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីធានា ឱ្យបាននូវប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ នៃសេវាសាធារណៈ សំដៅបម្រើប្រជាជនឱ្យកាន់តែប្រសើរឡើង។
បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ជាច្រើនរួមមាន៖ កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាស្នូល នៃអភិបាលកិច្ចល្អ៕