Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឫស្សីកែវ ប្រាប់ចៅសង្កាត់ទាំង៥ មកពីអតីតបក្សសង្គ្រោះជាតិ មិនឲ្យចុះហត្ថលេខា ក្រោយតុលាការកំពូលកាត់ក្ដីរំលាយចោល

17-11-2017 18:42

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចេញមកក្រើនរំឭកធ្ងន់ៗចំពោះចៅសង្កាត់ ចៅសង្កាត់រង និងជំទប់ ឫសមាជិក សមាជិកាក្រុមប្រឹក្សាទាំង៥ មកពីអតីតគណបក្សសង្គ្រោះជាតិ នៃខណ្ឌឫស្សីកែវ ហាមដាច់ខាតមិនឲ្យចុះហត្ថលេខាតទៅទៀតបានឡើយ ក្រោយពីតុលាការកំពូលបានកាត់ក្ដីជាស្ថាពរ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ក្នុងបទល្មើសក្បត់ជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ។

លើសពីនេះលោក ជា ពិសី បានបញ្ជាក់ថា ចំពោះសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសារផ្សេងៗបាន មានតែចៅសង្កាត់រងទី២ មកពីគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយប្រើ (ជ.ចៅសង្កាត់រងទី២)។

លោក ជា ពិសី បានក្រើនរំឭកធ្ងន់ៗយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំមួយនាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងអាគារ A សាលាខណ្ឌ ក្រោមវត្តមានចូលរួមពីប្រធានក្រុមប្រឹក្សាខណ្ឌ លោក វ៉ាន់ សាលី និងអភិបាលរងខណ្ឌ៤រូបគឺ លោក លីន ញ៉ក់ លោក ប្រាជ្ញ សីហា លោកស្រី សួស សូលីដា លោក ស៊ូ សោគន្ធ និងវត្តមានលោកនាយករដ្ឋបាលខណ្ឌ និងប្រធាន អនុប្រធានតាមបណ្ដាការិយាល័យ ចំណុះជុំនាញរចនាសម្ព័ន្ធខណ្ឌ រួមនិងតំណាងចៅសង្កាត់ទាំង៥ របស់គណបក្សសង្គ្រោះជាតិ និងចៅសង្កាត់ ចៅសង្កាត់រងទាំង៥ ព្រមទាំងសមាជិក សមាជិការ របស់គណបក្សប្រជាជនកម្ពុជា នាយនគរបាលប៉ុស្ដិ៍ទាំង៧ សរុប៩៦នាក់ផងដែរ។

ក្នុងកិច្ចប្រជុំខាងលើនេះ លោក ជា ពិសី បានថ្លែងថា លោកពិតជាគាំទ្រយ៉ាងខ្លាំងលើចំណាត់ការរបស់តុលាការកំពូល ដែលបានកាត់ក្ដីរំលាយគណបក្សសង្គ្រោះជាតិ ក្នុងបទល្មើសក្បត់ជាតិ ព្រមទាំងប្ដេជ្ញាចិត្តត្រៀមកម្លាំងរួចជាស្រេច ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ក្នុងការរក្សាស្ថិរភាព និងការអភិវឌ្ឍន៍ឲ្យបានយូរអង្វែងបន្តទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕