(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានណែនាំដល់មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវត្រួតពិនិត្យឡើងវិញ និងខណ្ឌទាំង១២ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាប្រពន្ធលូ និងប្រឡាយ ដែលបង្កឲ្យមានការរះស្ទះ និងលិចលង់ ក្នុងតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់ ភាគខាងលិចឆៀងខាងត្បូង និងឆៀងខាងជើង រាជធានីភ្នំពេញតែម្តង។
ការណែនាំបែបនេះបានធ្វើឡើងក្នុងឱកាសដែល លោក ឃួង ស្រេង អញ្ជើញក្នុងកិច្ចប្រជុំ ស្តីពី «បញ្ហាប្រពន្ធប្រឡាយរំដោះទឹក ភាគខាងលិច រាជធានីភ្នំពេញ» ដោយមានការចូលរួមពី អភិបាលរងរាជធានីភ្នំពេញ, លោកប្រធាន និងអនុប្រធានមន្ទីរជំនាញ, លោកអភិបាល និងអភិបាលរងខណ្ឌទាំង១២ នៅរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
អភិបាលរាជធានីភ្នំពេញ បានណែនាំយ៉ាងដូច្នោះថា ចាប់ពីពេលនេះតទៅ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ជាអ្នកដឹកនាំខណ្ឌទាំង១២ ធ្វើការស្តារប្រព័ន្ធលូប្រឡាយ ដែលការងារស្តារប្រពន្ធលូ ត្រូវកាយដីល្បប់ និងកាកសំណល់ចេញពីលូ ហើយដឹកចេញភ្លាមៗ មិនត្រូវទុកចោល នៅលើថ្នល់ ឲ្យភ្លៀងមកហូរចូលវិញ នាំឲ្យមានការកក់ស្ទះ លូដដែលៗនោះទេ។
លោក ឃួង ស្រេង បានបន្ថែមទៀតថា ក្រៅពីការយកចិត្តទុកដាក់ ក្នុងការស្តារប្រព័ន្ធលូ ប្រឡាយ ក្នុងខណ្ឌទាំង៤ហើយនោះ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ ស្តារប្រឡាយ និងប្រព័ន្ធលូ នៅតំបន់ខាងលិចឆៀងខាងត្បូង និងខាងលិចឆៀងខាងជើង រាជធានីភ្នំពេញផងដែរ។
ចំពោះការងារខាងលើនេះលោក ឃួង ស្រេង បានចាត់តាំងឲ្យលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងប្រធានមន្ទីរហិរញ្ញវត្ថុ រាជធានីភ្នំពេញ ត្រូវមើលលើការងារនេះបន្ថែម។ លោកបានបញ្ជាក់ថា «កន្លងមកយើងមានការព្រួយបារម្ភ ក្នុងតំបន់ខណ្ឌទាំង៤ (ខណ្ឌទួលគោក, ខណ្ឌដូនពេញ, ខណ្ឌ៧មករា និងខណ្ឌចំការមន) ក្នុងរាជធានីភ្នំពេញ ដែលស្ទះលូ មិនហូ តែក្រោយមក មានការដឹកនាំស្តារ និងដាក់ប្រពន្ធលូថ្មី ជាបន្តបន្ទាប់ ធ្វើឲ្យតំបន់កណ្តាលក្រុង ប្រែក្លាយទៅជាល្អប្រសើរជាងមុន»។
លោកអភិបាល ក៏បានណែនាំ និងដាក់គោលដៅ កំណត់ឲ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ឲ្យពិនិត្យឡើងវិញ នូវការងារស្តារប្រឡាយលូហើយនោះ។ លោកបានបន្ថែមទៀតថា កិច្ចការនេះ ត្រូវតែធ្វើឲ្យខ្លាំង និងល្អជាងមុន ដើម្បីបម្រើប្រជាពលរដ្ឋឲ្យពួកគាត់ បានមើលឃើញពីការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយ ការលំបាករបស់ប្រជាពលរដ្ឋ។
ក្នុងនោះអ្វីដែល លោកអភិបាលរាជធានី បានសង្កេតឃើញ ចំពោះការដ្ឋានដាក់លូ និងស្តារលូមួយចំនួន ដែលដាក់លូហើយទឹកនៅលិចដដែល ដូច្នេះពីពេលនេះទៅ ដាក់ប្រពន្ធលូ រួចរាល់ហើយ កុំភ្លេចតភ្ជាប់ឲ្យគ្នា ឲ្យទឹកហូរផង មិនត្រូវដាក់តែលូរួចហើយ តែទឹកមិនហូនោះទេ៕