(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ បានថ្លែងចំពោះមុខបញ្ញាវន្ត ដែលអញ្ជើញមកពីគ្រប់ ជាសាសន៍លើពិភពលោក ដែលមកចូលរួមក្នុងសន្និបាតបញ្ញវន្តពិភពលោកលើកទី៣ នៅសណ្ឋាគារសុខា ភ្នំពេញ ដោយបានលើកឡើងពីការខិតខំប្រឹងប្រែង អភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ចាប់ពីរបបកាប់សម្លាប់ រហូតបានងារ ជាជើងឯកក្នុងការអភិវឌ្ឍន៍។
ថ្លែងក្នុងឱកាសចូលរួមបើក សន្និបាតបញ្ញវន្តពិភពលោកលើកទី៣ សម្រាប់ការផ្ដួចផ្ដើមគំនិតច្នៃប្រឌិតថ្មី ក្នុងការប្រមូលផ្ដុំសហគមន៍ចម្រុះនៃបញ្ញាវន្តនិងអ្នកជំនាញទូទាំងពិភពលោក ដើម្បីជួប និងធ្វើការផ្លាស់ប្តូរចក្ខុវិស័យ និងទស្សនវិស័យ ទៅវិញទៅមក នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា «ចាប់ពី របបវាលពិឃាត មកជា ជើងឯកអូឡាំពិកនៃការអភិវឌ្ឍ ប្រទេសកម្ពុជា ជាតារាដែលកំពុងរះថ្មីនៅក្នុងតំបន់ ព្រមទាំងបានបង្ហាញទៅពិភពលោកថា ពួកយើងត្រូវតែយកឈ្នះអតីតកាល ជូរចត់របស់យើង»។
លោក ប្រាក់ សុខុន បានលើកឡើងថា ការកសាងប្រទេសតម្រូវឱ្យ មានកិច្ចខិតខំប្រឹងប្រែងជារួម ពីសំណាក់ភាគីទាំងអស់នៅក្នុងសង្គម ចាប់ពីរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល យុវជន រួមទាំងបញ្ញវន្តទាំងអស់។ ចាប់តាំងពីបានស្ដារសន្តិភាពដល់ប្រទេស ដែលត្រូវបានហែកហួរ ដោយសង្គ្រាម រាជរដ្ឋាភិបាលបានព្យាយាម ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីយកមកវិញ នូវកន្លែងដ៏សក្តិសមសម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិ។ កម្ពុជាបានតាំងចិត្តក្នុងការរួមបញ្ជូល ទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។ កម្ពុជាព្រមទាំងបានលះបង់ធនធានដ៏កម្រ ជូនទៅពិភពលោកវិញ តាមរយៈការរួមចំណែកនៅក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលពួកយើងពុំមានធនធានច្រើនតាំងពីដំបូង។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ជាប្រទេសទន់ខ្សោយ ចេញពីភ្នក់ភ្លើងសង្គ្រាម និងវិវាទផ្ទៃក្នុងអូសអន្លាយរាប់ឆ្នាំ កម្ពុជាក៏បានបង្ហាញឱ្យឃើញថាការបើកចំហរ និងរក្សាទំនាក់ទំនងល្អជាមួយ សហគមន៍ពិភពលោក គឺជាគ្រឹះសម្រាប់ភាពជោគជ័យ និងអនាគត។ នេះគឺជាគោលនយោបាយ និងយុទ្ធសាស្រ្តរបស់មេដឹកនាំរបស់យើង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ដែលកម្ពុជា ត្រូវតែចូលរួម និងមានវត្តមានគ្រប់ទីកន្លែងលើឆាកក្នុងតំបន់ និងអន្តរជាតិ។ ជាប្រទេសដែលមានសេដ្ឋកិច្ចតូច កម្ពុជាមិនអាចមានលទ្ធភាពធ្វើខ្លួនឱ្យឯកោទេ ដែលនេះ គឺជាគោលនយោបាយការបរទេសរបស់យើង ក្មុងការបង្កើតមិត្ត និងមិនមែនជាសត្រូវ ជាមួយប្រទេសណាមួយឡើយ។
ប្រមុខការទូតកម្ពុជារូបនេះ បានលើកឡើងទៀតថា ក្នុងពេលដែលសត្សវត្សទី២១ ត្រូវបានចាត់ទុកថា ពេលវេលាដែលមានសន្តិភាពបំផុត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដោយពិនិត្យទៅលើរង្វាស់ជាច្រើន សន្តិភាព និងស្ថិរភាពត្រូវតែការពារ និងរក្សា គ្រប់តំលៃ ព្រោះជារបស់មិនអាចខ្វះ បានសម្រាប់ភាពរស់រាន និងវិបុលភាពរបស់មនុស្សជាតិ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ស្របពេលដែលប្រទេសកម្ពុជា កំពុងរីកចម្រើន និងសង្គមកាន់តែរីកលូតលាស់ លោកអំពាវនាវឲ្យបងប្អូន ប្រើប្រាស់គុណតម្លៃរៀងៗខ្លួន និងអត្តសញ្ញាណ ហើយប្រែក្លាយវាជាកម្លាំង ដើម្បីបម្រើប្រទេសជាតិ ដែលតម្រូវឲ្យម្នាក់ៗរួមចំណែកវិនិយោគ ក្នុងអនាគតរបស់ប្រទេសខ្លួន។ វិនិយោគពេលវេលា ការស្រលាញ់និងយកចិត្តទុក ដាក់ សុភវនិច្ឆ័យ ពាក្យពេចន៍និងសតិបញ្ញា រួមទាំងស្មារតីស្នេហាជាតិ នឹងជាចំណែកដ៏ជោកជ័យនៃសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង ដែលប្រទេសយើងប្រាថ្នាចង់បានយ៉ាងខ្លាំង៕