(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញលិខិតមួយទៀត បង្គាប់ឲ្យអាជ្ញាធរ គ្រប់រាជធានី-ខេត្ត ចាប់ផ្ដើមចុះអនុវត្ដសាលដីកា របស់តុលាការកំពូល ដោយទម្លាក់ស្លាក, បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិ នៅទូទាំងប្រទេស ក្រោយពីគណបក្សនេះត្រូវបានតុលាការកាត់ទោសរំលាយចោល។
លិខិតរបស់សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៅអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ឲ្យចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ នៅគ្រប់កន្លែងអំពីការអនុវត្តសាលដីកានេះ។ ជាមួយគ្នានេះ សម្ដេចក៏បានបង្គាប់ឲ្យអាជ្ញាធរ បង្កើនការយកចិត្តក្នុងការគ្រប់គ្រង រក្សាការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរាបរយសាធារណៈ ក្នុងរាជធានី-ខេត្ដ នីមួយៗ។
លិខិតបង្គាប់របស់សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ទៀតថា ចំពោះស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ ដែលមាននៅរាជធានី-ខេត្តនីមួយៗ ត្រូវណែនាំឲ្យទម្លាក់ស្លាក សញ្ញា បដា និងពាក្យស្លោកផ្សេងៗ ហើយមិនត្រូវឲ្យត្រូវធ្វើសកម្មភាពនានា ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការរួចហើយឡើយ។ មិនតែប៉ុណ្ណោះ អាជ្ញាធរ ត្រូវណែនាំដល់ម្ចាស់លំនៅឋាន អាគារ សំណង់នានា ឲ្យធ្វើការដកចេញ នៅស្លាកសញ្ញានានា របស់អតីតគណបក្សសង្គ្រោះជាតិ នៅតាមលំនៅឋាន អាគារ សំណង់នានា របស់ខ្លួនជាបន្ទាន់។ ចំពោះស្លាកសញ្ញា នៅតាមទីផ្សារសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការ រុះរើចេញជាបន្ទាន់។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជា បានប្រកាសសាលដីកាសម្រេចឲ្យរំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ ដោយសារតែគណបក្សនេះ បានប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
ក្រោយតុលាការកំពូលចេញដីកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យរក្សាភាពស្ងប់ស្ងៀម ហើយចូលរួមថែរក្សាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជាក៏ប្រកាស ប្ដេជ្ញាធានាដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស របស់កម្ពុជាព្រមទាំងធានាដល់ការបោះឆ្នោត ដែលនឹងធ្វើឡើងជាបន្ដបន្ទាប់នៅឆ្នាំក្រោយនេះ៕