(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាជាមួយមន្ទីរបេតិកភណ្ឌវប្បធម៌ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌរវាងក្រុង Jining និងតំបន់អង្គរ ខេត្តសៀមរាប។
ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងឱកាសលោក Wang Lei ប្រធានមន្ទីរបេតិកភណ្ឌវប្បធម៌ខេត្តសានទុង ដឹកនាំគណៈប្រតិភូចិនជាច្រើនរូបចូលជួបសម្តែងការគួរសមជាមួយលោក ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា តំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
លោក Wang Lei បានបង្ហាញពីសក្តានុពលទេសចរណ៍នៅខេត្តសានទុងថា ជាខេត្តមួយស្ថិតនៅភាគខាងកើត នៃប្រទេសចិន មានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី៣ និងជាខេត្តមានប្រជាជនច្រើនលំដាប់ទី២ ក្នុងប្រទេស។ បើនិយាយពីប្រវត្តិសាស្ត្រ និងវប្បធម៌នៅខេត្តនេះគឺមានតាំងពី ៨០០០ឆ្នាំមុនមកម្ល៉េះ ដោយមានសំណេរឯកសារ និងការស្រាវជ្រាវពីបុរាណវិទូច្បាស់លាស់។
លើសពីនោះទៀត អ្វីដែលល្បីល្បាញជាងគេនៅខេត្តនេះ គឺជាស្រុកកំណើតរបស់ទស្សនវិទូ ខុងជឺ និងមានតំបន់ទេសចរណ៍ល្បីល្បាញជាច្រើន ដូចជា ភ្នំថៃសាន មហាកំពែង ដែលសុទ្ធតែជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានឆ្នេរសមុទ្រជាង ៣០០០គីឡូម៉ែត វែងជាងគេ។ ក្នុងនោះមានបេតិកភណ្ឌវប្បធម៌ចំនួន ១៩៧ ដែលទទួលស្គាល់ពីរដ្ឋាភិបាលចិន និងរមណីយដ្ឋានវប្បធម៌ និងអភិរក្ស ១៧៩១កន្លែង ដែលបានទទួលស្គាល់ដោយខេត្តសានទុងថែមទៀត។
លោករំពឹងថា ខេត្តសានទុងនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរ ដែលមានតាំងពីយូរអង្វែង ពិសេសផ្តល់ឱកាសសហការគ្នាជាបន្តទៀតទៅអនាគត កាន់តែប្រសើរឡើងរវាងក្រុង Jining និងអាជ្ញាធរជាតិអប្សរាលើផ្នែកគ្រប់គ្រងវប្បធម៌ទេសចរណ៍។
ថ្លែងក្នុងឱកាសនោះ លោក ហង់ ពៅ បានលើកឡើងថា នេះជាការចាប់ផ្តើមដ៏ល្អនៃទំនាក់ទំនងនៃស្ថាប័នទាំងពីរលើផ្នែកមិត្តភាព និងការងារគ្រប់គ្រង ការអភិរក្សបេតិកភណ្ឌវប្បធម៌។
លោកបន្តទៀតថា បើទោះបីអង្គរទើបមានប្រវត្តិជាង ៣០០០ឆ្នាំ តែក៏ជាអាណាចក្រដ៏ល្បីល្បាញ កាលអតីតកាល មានប្រាង្គប្រាសាទជាង ៦០០ នៅពាសពេញខេត្តសៀមរាប រួមទាំងវប្បធម៌អរូបីជាច្រើន ដែលទទួលបានការយកចិត្តទុកដាក់ ថែរក្សាពីសំណាក់ប្រជាជនក្នុងតំបន់ និងអាជ្ញាធរជាតិអប្សរា។
គួរបញ្ជាក់ដែរថា ក្នុងតំបន់អង្គរមានកិច្ចសហការអន្តរជាតិជួសជុសប្រាសាទចំនួន ១៤ប្រទេស និង ២៥គម្រោង ក្នុងនោះក៏មានប្រទេសចិនផងដែរ បានជួសជុលប្រាសាទចំនួន២ គឺប្រាសាទតាកែវ និងប្រាសាទចៅសាយទេវតា។
លោកមានការរីករាយនឹងសហការក្នុងផ្នែកពង្រឹងចំណងមិត្តភាព ក៏ដូចជាលើវិស័យគ្រប់គ្រងទេសចរណ៍បេតិកភណ្ឌវប្បធម៌ នៃក្រុង Jining និងខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន៕