(កំពង់ចាម)៖ សាខាកាំកុងត្រូលខេត្តកំពង់ចាម ដឹកនាំដោយ លោក ជួន សុជាតិ ជាប្រធាន បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បានបន្តចុះអង្កេត និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារផ្អាវ និងផ្ទះលក់ដូរជុំវិញផ្សារ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាលទ្ធផលរកមិនឃើញ ផលិតផលណាមួយខូចគុណភាពនោះទេ។
លោក ជួន សុជាតិ ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងការចុះអង្កេត ផ្សារខាងលើនេះ បានធ្វើតេស្តលើផលិតម្ហូបអាហារ ដូចជាជ្រក់ត្រសក់ មុំា មីលឿង សរសៃ គុយទាវ ប្រហិត មឹក បង្គារ ការ៉ុត ម្ទេសប្លោក ស្លឹកគីឆាយ សណ្តែកបណ្តុះ ជាលទ្ធផលរក មិនឃើញ ផលិតផលណាមួយមានសារធាតុគីមីហាមឃាត់នោះទេ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងការចុះអង្កេតទំនិញខាងលើ គេឃើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អាជីវករ ផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រចំពោះ សកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់៕