(ភ្នំពេញ)៖ ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍កម្ពុជា ២០១៧-២០២៥ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងស្តង់ដារសមត្ថភាពអ្នកជំនាញស្ប៉ា និងសុខមាលភាពកម្ពុជា និងអាស៊ាន នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យមេគង្គកម្ពុជា។
សិក្ខាសាលាពិគ្រោះយោបល់នេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ និងមានការចូលរួមពីមន្ត្រីជំនាញក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី-ខេត្ត តំណាងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យ អាជីវកម្មម៉ាស្សា សិស្សនិស្សិត និងភាគីពាក់ព័ន្ធប្រមាណ ១៥០នាក់។
សេចក្ដីព្រាងស្តង់ដារសមត្ថភាពកម្ពុជានេះ ក៏ជាសេចក្ដីព្រាងស្តង់ដាររបស់អាស៊ានផងដែរ ដោយប្រទេសសមាជិកអាស៊ានបានស្នើ និងគាំទ្រឲ្យក្រសួងទេសចរណ៍កម្ពុជារៀបចំស្តង់ដារនេះ ជាស្តង់ដារអាស៊ាន ហើយដែលនឹងត្រូវដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងស្ដីពី ការទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA TP) ដែលប្រទេសសមាជិកកំពុងអនុវត្ត។
គោលបំណងនៃការបង្កើតស្តង់ដារសមត្ថភាពកម្ពុជា និងអាស៊ាននេះ គឺដើម្បីផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកជំនាញម៉ាស្សាកម្ពុជា និងអាស៊ាន នូវការយល់ដឹងបន្ថែមពីវេជ្ជសាស្ត្រមូលដ្ឋាន ការផ្ដល់សេវាប្រកបដោយវិជ្ជាជីវៈ និងអត្តចរិតសមរម្យស្របតាមស្តង់ដារកំណត់ជាអប្បរមា។
ដើម្បីអនុវត្តស្តង់ដារសមត្ថភាព និងស្តង់ដារកម្មវិធីសិក្សាខាងលើ ក្រសួងទេសចរណ៍ក៏នឹងធ្វើការបណ្ដុះបណ្ដាលគ្រូបង្គោលតាមរាជធានី-ខេត្ត ដើម្បីធ្វើការបណ្ដុះបណ្ដាលបន្តដល់ម្ចាស់អាជីវកម្ម និងអ្នកជំនាញកំពុងបម្រើការងារ ហើយកន្លងមកក៏បានបណ្ដុះបណ្ដាលវិក្រិត្យការដល់អ្នកជំនាញម៉ាស្សារាប់ពាន់នាក់ផងដែរ។
សូមរំលឹកថា ក្នុងគោលដៅអភិវឌ្ឍន៍ជំនាញទេសចរណ៍ដល់យុវជនកម្ពុជាតាមស្តង់ដារអាស៊ាន ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានដាក់ឲ្យប្រើប្រាស់នូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន នៅតាមសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ចំនួន១៧ ទូទាំងប្រទេស បានបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានចំនួន ៣០នាក់ គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលកម្ពុជាចំនួន ៥៨២នាក់។
គ្រូបង្គោលទាំងនេះ បានបណ្តុះបណ្តាលបន្តដល់យុវជនកម្ពុជាជាង ២,០០០នាក់ ហើយដែលត្រូវបានចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន (ATPRS) ដើម្បីមានលទ្ធភាពបម្លាស់ទីការងារក្នុងតំបន់អាស៊ាន ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង MRA៕