(ភ្នំពេញ)៖ វាមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់សិល្បៈគ្រប់រូប ទំរាំតែមានភាពជោគជ័យ មានទស្សនិកជនគាំទ្រច្រើននោះ។ លោក ចាន់ណា រ៉ូណាន ត្រូវបានទស្សនិកជន ជាពិសេសយុវវ័យ អ្នកនិយមតាមដានរឿងកុនខ្មែរដឹងថា លោកគឺជាផលិតករវ័យក្មេងមួយរូប ដែលមានភាពជោគជ័យខ្លាំង ខាងផលិតភាពយន្ត ព្រោះរាល់ស្នាដៃរបស់លោកទាំងអស់ សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជន ដូចជារឿង «កំណត់ហេតុនាងនាថ» និងរឿង «សសរកន្លោង» ដែលកំពុងចាក់បញ្ចាំងនាពេលបច្ចុប្បន្ននេះ គឺទស្សនិកជនឈរតម្រង់ជួរគ្នាទិញសំបុត្រ ហើយអ្នកខ្លះកក់ទុកមុនក៏មាន។

យ៉ាងណាមិញទស្សនិកជន ប្រហែលជាមិនដឹងទេថា តើទំរាំតែមានភាពជោគជ័យមកដល់សព្វថ្ងៃ លោកត្រូវពុះពារឧបសគ្គយ៉ាណានោះ។ ដើម្បីជាការស្រាយចម្ងល់ របស់ទស្សនិកជន លោក ចាន់ណា រ៉ូណាន់ នឹងចូលខ្លួនមកស្រាយបំភ្លឺ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV នៅល្ងាចថ្ងៃសៅរ៍ ទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

អ្នកនិពន្ធរឿង «សសរកន្លោង» លោក ចាន់ណា រ៉ូណាន់ ត្រូវបានមហាជនដឹងថា លោកកំពុងតែមានភាពលេចធ្លោរ ក្នុងវិស័យភាពយន្ដខ្មែរ។ រាល់ស្នាដៃរបស់លោក គឺទទួលបានប្រាក់ចំណូល មិនក្រោយ ៣០ម៉ឺនដុល្លារ នោះទេ។ នេះបើតាមលោក រ៉ូណាន់ ទម្លាយឲ្យដឹងកាលពីថ្ងៃសម្ពោធរឿង «សសរកន្លោង»។ យ៉ាងណាមិញ ថ្មីៗនេះ ទស្សនិកជនបែរជាមានការខកចិត្តជាខ្លាំង ដោយសារលោកបានទម្លាយ ក្នុងគណនីហ្វេសប៊ុកលោកថា នឹងផ្អាកផលិតរឿងមួយរយៈធំ ដែលដំណឹងនេះ បានធ្វើឲ្យទស្សនិកជន ដែលនិយមគាំទ្រស្នាដៃលោក មានការខកចិត្តជាខ្លាំង។

យ៉ាងណាមិញ លោក ចាន់ណា រ៉ូណាន់ នឹងចូលខ្លួនមកបង្ហាញអាថ៌កំបាំងជុំវិញរឿងនេះ និងការតស៊ូជំនះគោលដៅ រហូតទទួលបានជោគជ័យ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV និង Fresh news Radio នៅល្ងាចថ្ងៃសៅរ៍នេះ ដោយមានការ Live ផ្ទាល់ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ហើយនឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង៧ ដល់ម៉ោង៨យប់ ដដែល៕