(ភ្នំពេញ)៖ ក្រោយពីតុលាការបើកសវនាការជាសាធារណៈនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រកាសរំលាយគណបក្សសង្រ្គោះជាតិ និងហាមឃាត់បុគ្គលថ្នាក់ដឹកនាំ មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ដោយមានសមាភាពក្រុមប្រឹក្សាជំនុំជម្រះ៖ ទី១៖ លោក ឌិត មុន្ទី ប្រធានក្រុមប្រឹក្សា, ទី២៖ លោក យឹម ប៉ុណ្ណ ចៅក្រម,​ ទី៣៖ ជីវ កេង ចៅក្រម, ទី៤៖ យូរ ឧត្តរា ចៅក្រម, ទី៥៖ គង់ ស្រ៊ីម ចៅក្រម, ទី៦៖ សេង នាង ចៅក្រម, ទី៧៖ លោកស្រី សែម សក្តិកូឡា ចៅក្រម, ទី៨៖ លោកស្រី ចាំ ស៊ីណាត ចៅក្រម, ទី៩៖ លោក គង់ តារាឆាត ចៅក្រម។ លោកស្រី ឃុត សុគន្ធា ក្រឡាបញ្ជី និងតំណាងមហាអយ្យការ លោកស្រី ជា លាង ជាអគ្គព្រះរាជអាជ្ញា។

ដើមចោទ៖ ក្រសួងមហាផ្ទៃ អាស័យដ្ឋាន អាគារ២៧៥ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មានមេធាវីតំណាង៖ លោក គី តិច, លោក លី ចន្ទតុលា, លោក ចេង ប៉េងហាប់ និងលោក សាន់ ជួយ។

ចុងចម្លើយ៖ គណបក្សសង្រ្គោះជាតិ

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលបានចេញសាលដីកាតាងនាមប្រជារាស្រ្តខ្មែរ (សំណុំរឿងគណបក្ស លេខ៖១០ គ.ប ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ សាលដីកាលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសម្រេចថា៖

ហេតុដូច្នេះសម្រេច៖
ទី១៖ ទទួលពាក្យបណ្ដឹង ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧របស់ក្រសួងមហាផ្ទៃ។
ទី២៖ រំលាយគណបក្សសង្គ្រោះជាតិ។
ទី៣៖ ហាមឃាត់បុគ្គលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨ (មួយរយដប់ប្រាំបី)នាក់ ដូចមានក្នុងបញ្ជីរាយនាមឧបសម្ព័ន្ធ១ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ និងបញ្ជីរាយនាមបន្ថែមចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ភ្ជាប់ជាមួយនឹងសាលដីកានេះ មិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ (ប្រាំ)ឆ្នាំ គិតពីកាលបរិច្ឆេទនៃការប្រកាសសាលដីកានេះ។
ទី៤៖ សាលដីកានេះជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបិទផ្លូវតវ៉ា៕