(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦៧នេះ បានអញ្ជើញបើកសម្ពោធជាផ្លូវការ នៃពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ (CTM) ដែលជាព្រឹត្តិការដ៏ធំមួយ មានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និងពិភពលោក ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍ក្នុងតំបន់ និងពិភពលោក។

ពិធីបើកសម្ពោធព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារឹកនៅសណ្ឋាគារ សុខាសៀមរាប រីសូត ខេត្តសៀមរាប ជាមួយវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក U Aun Mong រដ្ឋមន្ត្រីក្រសួង សណ្ឋាគារ និង ទេសចរណ៏ មីយ៉ាន់ម៉ា លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ស្ថាប័នទេសចរណ៍ជាតិ អ្នកទិញ អ្នកលក់ ភ្នាក់ងារសារព័ត៌មានជាតិ និងអន្តរជាតិជាង ៥០០ក្រុមហ៊ុន មកពី៦០ប្រទេស ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ពីគ្នាទៅវិញទៅមក។

មុនពិធីកាត់ខ្សែបូរបើកដំណើរព្រឹត្តិការណ៍អន្តរជាតិនេះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនេះ មិនគ្រាន់តែដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយគោលដៅទាក់ទាញទេសចរណ៍កម្ពុជា និងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ឲ្យក្រុមហ៊ុនទេសចរណ៍ជាតិ និងអន្តរជាតិធ្វើការណាត់ជួប និងចាប់ដៃគូជាមួយគ្នា ដើម្បីទិញលក់ផលិតផល និងសេវាកម្មទេសចរណ៍ តាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ច ដោះដូរភ្ញៀវទេសចរគ្នា ឆ្ពោះទៅរកការអភិវឌ្ឍគោលដៅទេសចរណ៍រួមផងដែរ។

លោក ថោង ខុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ ជាក់ស្ដែង នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៥.០១លាននាក់ ក្នុងកំណើន៥% ដែលបាននាំមកចំណូលដោយផ្ទាល់៣.៤ពាន់លានដុល្លារអាមេរិក ចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ ស្មើនឹងប្រមាណ១២% នៃផលិតផលសរុបក្នុងស្រុក និងបង្កើត ការងារដោយផ្ទាល់ប្រមាណ ៦២០,០០០នាក់ និងដោយប្រយោល រាប់សិបម៉ឺននាក់ទៀត ហើយក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៣,៩១២,៧៦១នាក់ ហើយក្នុងកំនើន១១.៥.%។ សង្ឃឺមថា ឆ្នាំ២០១៧ យើងនឹងទទួលទេសចរណ៍បនរមសណ ៥,៦លាននាក់។

លោករដ្ឋមន្ត្រីបានផ្សព្វផ្សាយ ទៅកាន់គណៈប្រតិភូអន្តរជាតិថា កម្ពុជាមានសក្តានុពលច្រើន សម្រាប់ការវិនិយោគក្នុងវិស័យទេសចរណ៍ ដោយសារប្រទេសនេះ សម្បូរទៅដោយរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ រួមទាំងមរតកវប្បធម៌ទាំងរូបី និងអរូបី ពិសេសស្នាមញញឹម រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។ រមណីយដ្ឋានវប្បធម៌ មានប្រាសាទបុរាណជាង ១,០០០ប្រាង្គ នៅទូទាំងប្រទេស ក្នុងនោះមានប្រាសាទចំនួនបី ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក រួមមាន៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបុកព្រៃគុក។

ក្រៅពីនេះ កម្ពុជាមានឆ្នេរសមុទ្រ បានជាប់ជាសមាជិកនៃក្លឹបឆ្នេរ សមុទ្រស្អាតបំផុតលើពិភពលោក កាលពីឆ្នាំ២០១១ កម្ពុជាទទួលបានចំណាត់ថ្នាក់ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត លើពិភពលោកសម្រាប់ឆ្នាំ២០១៥ ដែលត្រូវបានទទួលស្គាល់ដោយ TripAdvisor កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុត លើពិភពលោក ប្រចាំឆ្នាំ២០១៦ និងជាគោលដៅវប្បធម៌ដ៏ពេញនិយមបំផុត សម្រាប់ឆ្នាំ២០១៦ ដែលត្រូវបានប្រគល់ពានរង្វាន់ ជូនដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។

លោកបានថ្លែងកៀរគរថា កម្ពុជាក៏ត្រូវការវិនិយោគិនជាតិ និងអន្តរជាតិមកវិនិយោគលើផលិតផលថ្មីៗ នៅតំបន់គោលដៅទាក់ទាញទេសចរណ៍នានា ដើម្បីផ្តល់ជម្រើសឲ្យបានច្រើនដល់ការទស្សនារបស់ភ្ញៀវ ពិសេសផ្តល់ឲ្យភ្ញៀវទទួល បាននូវបទពិសោធន៍ថ្មីៗតាមរយៈការមកទស្សនា៕