(ភ្នំពេញ)៖ សមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានដឹកនាំអង្គប្រជុំ លោក ឯម សុផាត បានបញ្ជាក់ថា ទោះបីគណបក្ស សង្រ្គោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូល នាពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញក៏ដោយ ក៏ការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានៅម្ពុជា នៅតែប្រព្រឹត្តតាមការកំណត់ នៅខែកុម្ភៈ ឆ្នាំក្រោយនេះដដែល។
លោក ឯម សុផាត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលបណ្តោះអាសន្ន នៃការប្រោះឆ្នោត ការរៀបចំបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង អំពាវនាវអ្នកចុះឈ្មោះបោះឆ្នោតអញ្ជើញទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ឯម សុផាត បានបន្តថា ការបោះឆ្នោតព្រឹទ្ធសភា នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុននេះ ដូចការគ្រោងទុក។
ចំណែកការរំលាយគណក្សសង្គ្រោះជាតិ ដោយតុលាកំពូល គ.ជ.ប មិនទាន់ទទួលរបាយការណ៍ពីស្ថាប័នមានសមត្ថិកច្ចនៅឡើយទេ។ ការបែងចែកអាសនៈរបស់គណបក្សនយោបាយវិញ គ.ជ.ប កំពុងសិក្សាត្រួតពិនិត្យក្នុងពេលឆាប់ៗនេះ នៅបទបញ្ជា និងនីតិវិធីបន្ថែមនៃការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយថ្មីដែលទាក់ទងព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល បានប្រកាសសាលដីកាសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកា នេះតទៅ។ ជាមួយគ្នានោះ តុលាការកំពូលរបស់កម្ពុជា ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ៕