(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋសភាកម្ពុជា បានបន្តបើកសម័យប្រជុំរបស់ខ្លួនបន្តទៀត ដើម្បីពិភាក្សា និងអនុម័ត របៀបវារៈសេសសល់ចំនួន៣ទៀត ក្នុងចំណោមរបៀបវារៈចំនួន៥ ដែលដាក់បញ្ចូលនៅព្រឹកមិញ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ក្រោមអធីបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកសភាមកពី គណបក្សប្រជាជនកម្ពុជាចំនួន៦៥រូប។

របៀបវារៈ៣ដែលត្រូវអនុម័តនៅរសៀលនេះ រួមមាន៖

១៖ ការពិភាក្សានិងអនុម័តនូវ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ ក៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋសឹង្ហបុរី ស្តីពីការចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំ ពន្ធពាក់ព័ន្ធ និងពន្ធលើប្រាក់ចំណូល។ ខ៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការ ការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ គ៖​ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រាជរដ្ឋាភិបាល នៃព្រះចៅស៊ុលតង់ និងយ៉ាងឌឺពើរតួននៃប្រទេសប្រ៊ុយណេដារូសាឡឹម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៤៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។

សម្រាប់នៅព្រឹកមិញនេះ រដ្ឋសភាបានអនុ​ម័តលើរបៀបវារៈតែ២ គឺ ការបោះឆ្នោតជ្រើសតំណាងសមាជិក គណៈកម្មការនានា នៃរដ្ឋសភាបន្ថែមចំនួន ០២រូប ​និង ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨៕