(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចរីភាព នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយគ្រឹះស្ថានឧត្ដមសិក្សាចំនួន៤ រួមមានសាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យមានជ័យ, សាលាជាតិកសិកម្មព្រែកលៀប និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអភិវឌ្ឍ ដោយចីរភាព។
ពិធីចុះអនុស្សរណៈយោគយល់គ្នាខាងលើនេះ ដោយមានការចូលរួមពី លោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ចីរភាព, លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, លោក សំ ង៉ោ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមានជ័យ, លោកបណ្ឌិត ធន់ វឌ្ឍនា នាយកសាលាជាតិកសិកម្មព្រែកលៀប និងលោកស្រី អ៊ុ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពិធីនេះ រៀបចំធ្វើឡើង នៅក្នុងទីស្ដីការក្រសួងបរិស្ថាន។
លោក ទិន ពន្លក បានថ្លែងថា «ខ្ញុំយល់ថា នេះជាលើកទី១ហើយ ដែលក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានជ្រើសរើស គ្រឹះស្ថានឧត្ដមសិក្សា ធ្វើជាដៃគូរក្នុងការសិក្សាស្រាវជ្រាវ កសាងសមត្ថភាព ការចែករំលែកចំណេះដឹង និងការផ្ដល់មតិយោបល់គ្នាទៅវិញទៅមក លើការងាររៀបចំគោលនយោបាយផែនការយុទ្ធសាស្ដ្រ និងរបៀបវារៈនៃការសិក្សាស្រាវជ្រាយ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងការអភិវឌ្ឍន៍ដោយចីរភាពរបស់យើង ដោយផ្ដោសសំខាន់លើការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និរន្ដរភាំពទីក្រុង ការផលិត និងការប្រើប្រាស់ ដោយនិរន្ដភាព សេដ្ឋកិច្ចបៃតង វិទ្យាសាស្ដ្រ និងនុវានុវត្ត»។
លោកថា អនុស្សរណៈយោគយល់ រវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងសាកលវិទ្យាល័យទាំង៣ និងសាលាជាតិកសិកម្មព្រែកលៀបនាថ្ងៃនេះ គឺជាការ គិតគូរបែបយុទ្ធសាស្ដ្ររយៈពេលវែងដែលបង្កលក្ខណៈ ឲ្យនាយកដ្ឋានជំនាញនៅក្រោមអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អាចទំនាក់ទំនងជាផ្លូវការ ធ្វើការរួមគ្នាជាផ្លូវការ ជាមួយនឹងសាកលវិទ្យាល័យទាំងអស់ ក្នុងបរិបទការអភិវឌ្ឍន៍ដោយចីរភាពនេះ។
អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ចីរភាព បានឲ្យដឹងទៀតថា «នៅក្នុងឆ្នាំ២០១៧ យើងបានជ្រើសរើសបានគ្រឹះស្ថានឧត្ដមសិក្សាចំនួន៤ ដែលមានសកលវិទ្យាល័យភូមិន្ទកសិកម្ម សកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យមានជ័យ និងសាលាជាតិកសិកម្មព្រែកលៀប និងនៅឆ្នាំ២០១៨ យើងនឹងចុះអនុស្សារណៈនៃការយោគយល់បន្ថែមចំនួន២ គ្រឹះស្ថានសិក្សាទៀតមាន សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា»។
លោក ង៉ោ ប៊ុនថាន បានឲ្យដឹងថា «បន្ទាប់ពីការចុះអនុស្សារៈយោគយល់នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងគ្រឹះស្ថានឧត្ដមសិក្សា និងមានកិច្ចការជាច្រើន ដែលត្រូវធ្វើរួមគ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការមួយនេះ ទទួលបាននូវលទ្ធផលល្អ ដែលយើងបានរំពឹងទុកនាពេលខាងមុខ»។
លោកបានបន្ថែមទៀតថា នៅក្នុងកិច្ចសហប្រតិបត្តិការនេះ យើងចាំបាច់លើកទឹកចិត្ត និងលើកកម្ពស់កិច្ច សហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យអភិវឌ្ឍដោយចីរភាពដូចជា៖ ការប្រែប្រួលអាកាសធាតុ, សេដ្ឋកិច្ចបៃតង, វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា និងវិស័យដទៃទៀតណាមួយ នៃកិច្ចសហប្រតិបត្តិការ៖ ទៅតាមការព្រមព្រៀងជាមួយគ្នានៃភាគីទាំងពីរ។
ជាមួយគ្នានោះផងដែរ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏បានអំពាវនាវដល់ស្ថាប័នដៃគូរអភិវឌ្ឍន៍ និងមន្ដ្រីពាក់ព័ន្ធទាំងអស់ មេត្ដាខិតខំប្រឹងប្រែងបំពេញ នូវភារកិច្ចក្នុងន័យជំរុញឲ្យកិច្ចសហប្រតិបត្តិការមួយនេះទទួលបានផ្លែផ្កា និងចូលរួមនៅក្នុងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕