(សៀមរាប)៖ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពី យុទ្ធសាស្រ្តទីផ្សារ ការទំនាក់ទំនង និងភាពជាអ្នកដឹកនាំ ផ្លាស់ប្តូរនូវយុទ្ធសាស្រ្តទីផ្សារ ដើម្បីទទួលបានគំនិតថ្មីៗ និងបទពិសោធន៍ ដែលប្រារព្ធធ្វើឡើង រយៈពេលល២ថ្ងៃ គឺថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។
GO GROUP ជាបណ្តាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនងសាធារណៈឯករាជ្រដ៏ធំបំផុតប្រចាំប្រទេសតំបន់អាស៊ី បានរៀបចំកម្មវិធី ប្រជុំប្រចាំឆ្នាំស្តីពីយុទ្ធសាស្រ្តទីផ្សារ ការទំនាក់ទំនង និងភាពជាអ្នកដឹកនាំ សម្រាប់សមា ជិកនីមួយៗរបស់ GO GROUP ដែលមានក្រុមហ៊ុន Active Communications ជាម្ចាស់ផ្ទះ សម្រាប់ការប្រជុំនៅឆ្នាំនេះ ដែលមានរយៈពេល២ថ្ងៃនេះ គឺដើម្បីបង្កើន នូវទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធិ ការផ្លាស់ ប្តូរនូវយុទ្ធសាស្រ្តទីផ្សារ ដើម្បីទទួលបានគំនិតថ្មីៗ និងគោលការណ៍ដឹកនាំក្រុមហ៊ុន ឲ្យកាន់តែមានប្រសិទ្ធិភាព ក្នុងការបម្រើរសេវាកម្ម ជូនដល់អតិថិជន សម្រាប់តម្រូវការទីផ្សារនីមួយៗប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើអតិថិជន។
លោក សៀត ស៊ីសុភក្តិ នាយកគ្រប់គ្រងក្រុមហ៊ុន Active Communications បានថ្លែងថា «យើងពិតជារំភើប និងមានកិត្តិយសខ្លាំងណាស់ ដែលប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រជុំក្នុងឆ្នាំនេះ ហើយយើងពិតជាពិតជាជឿជាក់ថា ក្រុងសៀមរាប ជាកន្លែង ដ៏ល្អមួយដើម្បីរៀបចំកិច្ចប្រជុំនេះ»។
ការជ្រើសរើសយកប្រទេសកម្ពុជា ជាម្ចាស់ផ្ទះ ក៏ព្រោះតែក្រុមហ៊ុន Active Communications ជាសមាជិកមួយតំណាងប្រទេសកម្ពុជា ដូច្នេះទើប ការប្រជុំនេះសម្រេចយកទីក្រុងអង្គរ ដែលជាអច្ឆរិយភាពរបស់ ពិភពលោក ធ្វើជាទីតាំង សម្រាប់ការប្រជុំនេះ ព្រោះប្រទេសកម្ពុជា ជាប្រទេសមួយដែលកំពុងមានសក្ដានុពលទីផ្សារនិង សេដ្ឋកិច្ចរីកចម្រើនខ្លាំង ដែលក្នុងនោះ ក៏មានលំហូរតម្រូវការទីផ្សារបរទេស ចូលមកក្នុងស្រុកជាពិសេស ការទំនាក់ទំនងឲ្យមានក្រុមហ៊ុន ដែលមានស្លាកយីហោល្បីៗជាច្រើនផ្សេងៗទៀត ចូលមកវិនិ យោគក្នុងទីផ្សារប្រទេសកម្ពុជា។
លោកបន្ថែមថា ជំនួបប្រជុំនេះ ជាវេទិកាចែករម្លែកបទពិសោធន៍ជោគជ័យ កាលានុវត្តភាព និងបញ្ហាប្រឈម នៅក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ GO Group មានសមាជិក នៅតាមបណ្តាប្រទេសជាច្រើន ដូចជា សឹង្ហបុរី ថៃ ឡាវ កម្ពុជា វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ស្រីលង្កា ជប៉ុន ឥណ្ឌា ចិន ហុងកុង និងមាន ទីស្នាក់ការកណ្តាលនៅ GO Communications ប្រទេសម៉ាឡេស៊ី។
លោកផេតធ័រ ឌឺក្រេតស៊័រ( Peter de Kretser) អគ្គនាយកក្រុមហ៊ុន GO Communications និងជាប្រធានសមាជិក GO Group បានថ្លែងផងដែរថា «សមាជិក GO Group នីមួយៗ គឺជា ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មឯករាជ្យ ក្នុងស្រុកដ៏ល្អបំផុត នៅក្នុងទីផ្សារនីមួយៗ ដែលពួកយើងតែងតែមានការសិក្សាច្បាស់លាស់ ពីតម្រូវការទីផ្សារក្នុងស្រុក និងយល់ដឹងពីការរំពឹង ទុកសម្រាប់ទីផ្សាររបស់អតិថិជនរបស់យើង។ ដើម្បីឲ្យផលិតផលមួយលក់ដាច់ និងទទួលបានការគាំទ្ររច្រើន ពីអ្នកប្រើប្រាស់ ក្រុមហ៊ុនស្លាកយីហោនីមួយៗត្រូវតែធ្វើការផ្សាព្វផ្សាយ ពាណិជ្ជកម្មតាមបទសណ្ឋានផ្សេងៗគ្នា និងទទួលបានការចាប់អារម្មណ៍ ឲ្យកាន់តែខ្លាំងឡើងថែមទៀត។ ដើម្បីសម្រេចគោលដៅទីផ្សារដែលទទួលបាន ជោគជ័យជូនអតិថិជន ពួកយើង តែង តែផ្លាស់ប្តូរបទពិសោធន៍គោលការណ៍ ទ្រឹស្តី ការដោះស្រាយបញ្ហា និងបង្ហាត់ បង្រៀន គ្នា ពី ចំណុចខ្សោយ អោយក្លាយទៅជាចំណុចខ្លាំង សម្រាប់យុទ្ធសាស្រ្តទីផ្សារ នានាក្នុងវិស័យ ផ្សព្វ ផ្សាយ ពាណិជ្ជកម្មនេះ»។
លោកបន្តថា «ខណៈយើងស្វែងរកការចែករំលែក និងរៀនសូត្រ ពីគ្នាទៅវិញទៅមក អំពីបទពិសោធន៍របស់យើង នៅក្នុងវិស័យផ្សេងៗយើងក៏ព្យាយាមពង្រឹងការផ្តល់ជូនដល់អតិថិជន រួមទាំងការកសាងសមត្ថភាពឌីជីថលផងដែរ។យើងពិត ជាមានសំណាងណាស់ ដែលមានទំនាក់ទំនងការងារដ៏អស្ចារ្យ ជាមួយភ្នាក់ងារបណ្ដាញ ដែលជាសមាជិករបស់យើង ហើយបានឃើញក្រុមនេះ កំពុងពង្រីកអតិថិជនក្នុងតំបន់មួយចំនួន។ ហើយយើងរំពឹងថា នឹងមានបណ្តាប្រទេសជាច្រើនបន្ថែមទៀតនៅឆ្នាំ២០១៨ រួមមានចក្រភពអង់គ្លេស (ទីក្រុង ឡុង) សហរដ្ឋអាមេរិក (ទីក្រុងញូយ៉ក) និងអូស្រ្តាលី (មែលប៊ន) ចូលជាសមាជិកបន្ថែមទៀត ដើម្បីពង្រីកការបោះជំហ៊ានរបស់យើង នៅអាស៊ី និងទូទាំងពិភពលោក»។
លោកផេតធ័រ បានលើកឡើងថា «ខ្ញុំសប្បាយចិត្ត ដែលកម្ពុជាបានធ្វើជាម្ចាស់ ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ នៅលើទឹកដីខេត្តសៀបរាប ដែលមានប្រាសាទអង្គរវត្តជាបេតិកភណ្ឌវប្បធម៌ពិភពលោក ដ៍ល្បីល្បាញនិងជាគោលដៅទេសចរណ៍ដ៏សំខាន់»។ លោកបានសង្កេតឃើញថា ទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា មានការរីកចម្រើន និងមានសក្តានុពល ពិសេសមានការរីកលូតលាស់ បច្ចេកវិជ្ជាឌីជីថល ដែលមានសារៈ សំខាន់ ក្នុងវិស័យនេះ និងមានទំនាក់ទំនងល្អ ជាមួយបណ្តាញសារព័ត៌មាន៕