(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ និងពន្យល់ណែនាំ របៀបជ្រើសរើសអាហារដែលមានសុវត្ថិភាព ដល់អាជីវករលក់ដូរ និងប្រជាពលរដ្ឋ ព្រមទាំងធ្វើតេស្តឃីត លើត្រីសាច់មួយចំនួន នៅផ្សារជីមាន់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក មាស មោរ៉ា ថ្លែងឲ្យដឹងថា ដើម្បីធានាសុវត្ថិភាពចំនីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ លោករួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ ក្នុងផ្សារសួងក្នុងគោលបំណងតែមួយគត់ គឺចង់ប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ លើសពីនេះអាចអោយគាត់ យល់ដឹងដោយខ្លួនឯង នៅរបៀបជ្រើសរើសម្ហូបអាហារណា ដែលមានសុវត្ថិភាព យកមកទទួលទាន។
លោកប្រធានកាំកុងត្រូលខេត្ត អោយដឹងថា ក្រោយធ្វើតេស្តឃីតភ្លាមៗលើសរសៃគុយទាវ សរសៃមីដុំ ប្រហិតកញ្ចប់ គឺមិនមានសញ្ញាណវត្តមានផ្ទុក នូវសារធាតុបូរ៉ាក់ ដែលជាសារធាតុគីមីហាមឃាត់ ធ្វើឲ្យសាច់ស្វិតល្អ មិនខូចមិនស្អុយ នៅស្រស់ និងទុកបានយូរ ដែលវាបណ្តាលប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់នោះឡើយ ព្រមទាំងត្រួតពិនិត្យគុណភាពទំនិញដាក់លក់ កុនុងផ្សារ បានប្រទះឃើញ និងដកហូតទំនិញ ដែលខូចគុណភាព សំបកប៉ោងកំប៉ិត និងហួសកាលបរិច្ឆេទប្រើប្រាស់បានមួយចំនួន ដើម្បីយកទៅកំទេចចោលផងដែរ។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានធ្វើការបិទស្ទីកឃ័រ និងបង្ហាញដល់អាជីវករ ក៍ដូចជាប្រជាពលរដ្ឋនូវរបៀបមើលថ្ងៃខែកំណត់នៃការបរិច្ឆេទ និងការជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពសម្រាប់ទទួលទាន និងបានធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ ឲ្យដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាល់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕