(កំពត)៖ ដើម្បីរួមចំណែកសកម្មភាពសង្គម នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ក្រុមកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០១៧ បន្ទប់ឧដុង្គ វេនព្រឹក បានសហការរៀបចំសកម្មភាពមនុស្សធម៌មួយក្រោមប្រធានបទ «ការចូលរួមកែលម្អស្ថានភាព សុខភាព អនាម័យ និងបរិស្ថាន» នៅសាលាបឋមសិក្សាភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។
កម្មវិធីនេះ គឺដឹកនាំដោយលោកសាស្ត្រាចារ្យ ស្រ៊ាង ផានិត តំណាងសាលាភូមិន្ទរដ្ឋបាល និងលោក ជាម សុភា ថ្នាក់ដឹកនាំក្រុមកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ បន្ទប់ឧដុង្គ វេនព្រឹក រួមទាំងកម្មការីជាច្រើននាក់ទៀត ដែលបានរួមគ្នាទិញនូវសម្ភារៈសិក្សា ថ្នាំ និងសម្ភារៈសម្អាតធ្មេញជាដើម សម្រាប់ផ្តល់ជូនដល់សិស្សានុសិស្ស។ ជាមួយគ្នានោះ ក៏មានការចូលរួមពីអភិបាលរងស្រុកកំពង់ត្រាច លោក ជួន សុភា និងអជ្ញាធរពាក់ព័ន្ធផ្សេងទៀតផងដែរ។
លោកសាស្ត្រាចារ្យ ស្រ៊ាង ផានិត បានលើកឡើងក្រោមកំណែទម្រង់ស៊ីជម្រៅរបស់សាលា ការរៀបចំកម្មវិធីសកម្មភាពសង្គម និងមនុស្សធម៌ខាងលើ គឺជាគោលដៅចង់បានរបស់សាលា ដែលចង់ឲ្យមន្ត្រី ឬកម្មការី បានចុះអនុវត្តជាក់ស្តែងក្នុងសកម្មភាពសង្គម ជាមួយនឹងកម្មវិធីជាច្រើន ដូចជាពាក់ព័ន្ធវិស័យកីឡា សប្បុរសធម៌ បរិច្ចាគឈាម បរិស្ថាន និងការដាំកូនឈើជាដើម។ ជាក់ស្តែងថ្ងៃនេះ ក្រុមកម្មការីខាងលើ បានអនុវត្តសកម្មភាពសង្គម៣ ព្រមគ្នា គឺការឧបត្ថម្ភសម្ភារៈសិក្សា ថ្នាំទម្លាក់ព្រូន ថ្នាំដុសធ្មេញ និងច្រាស់ដុសធ្មេញដល់សិស្សានុសិស្ស ការដាំកូនឈើ និងការដើររើសសំរាមសម្អាតអនាម័យជាដើម។
លោកបន្តថា «គោលបំណងចំបងរបស់សាលា រៀបចំសកម្មភាពសង្គម គឺបណ្តុះគំនិតច្នៃប្រឌិត ការផ្តួចផ្តើមថ្មី មានទឹកចិត្តមនុស្សធម៌ ជំរុញស្មារតីការងារជាក្រុម ការផ្លាស់ប្តូរទស្សនៈយោបល់ ចំណេះដឹង និងបទពិសោធន៍រវាងកម្មសិក្សាការីក្នុងថ្នាក់នីមួយៗ បង្កើនសមត្ថភាពគ្រប់គ្រងភាពជាអ្នកដឹកនាំ»។ លោកបន្ថែមថា ការចុះអនុវត្តជាក់ស្តែង អាចបង្កើនទំនាក់ទំនង ព្រមទាំងបង្កើនសមត្ថភាពក្នុងការដោះស្រាយបញ្ហាផ្សេងៗទៀតផង។
ថ្លែងក្នុងឱកាសនោះ លោក ជួន សុភា អភិបាលរងស្រុកកំពង់ត្រាច បានថ្លែងអំណរគុណដល់ក្រុមកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ បន្ទប់ឧដុង្គ វេនព្រឹក ដែលបានរួបរួមគ្នា ជួយដល់សាលាបឋបសិក្សាភ្នំខ្យង ពិសេសពាក់ព័ន្ធប្រធានបទបរិស្ថាន និងសង្គម ដែលត្រូវនឹងគោលការណ៍ថ្នាក់ជាតិ ជំរុញឲ្យស្ថាប័នរដ្ឋ និងឯកជន ចូលរួមអនុវត្តតាមភូមិ ឃុំ និងស្រុកគោលដៅរៀងៗខ្លួន។
សូមបញ្ជាក់ថា មុនឈានដល់កម្មវិធីសកម្មភាពសង្គម និងមនុស្សធម៌ខាងលើកាលពីម្សិលមិញ ក្រុមកម្មសិក្សាការីខាងលើ ក៏ទទួលបានការអនុញ្ញាតចូលជួបសំណេះសំណាលជាមួយអភិបាលរងខេត្តកំពត និងរៀបចំកម្មវិធីរើសសំរាមតាមមាត់ឆ្នេរ នៃដៃសមុទ្រ មុខសាលាខេត្តកំពត ដើម្បីសម្អាត ហើយទុកជាគំរូសម្រាប់បំផុសឲ្យប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាបរិស្ថានផងដែរ៕