(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ​អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងនាយទាហាន នាយទាហានរង និងពលទាហាន ក្រោមឱវាទទាំងអស់​ ​បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសាលដីកាស្ថាពររបស់តុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានប្រកាសគាំទ្រពេញទំហឹង នូវអនុសាសន៍ទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានៅតែបន្តដំណើរការ។

ក្នុងញត្តិគាំទ្ររបស់ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលអង្គភាព Fresh News ទទួលបាន បានគូសបញ្ជាក់ថា ការចេញសាលដីកាស្ថាពរ រំលាយគណបក្សសង្រ្គោះជាតិ ពីសំណាក់តុលាការកំពូល គឺជារឿងស័ក្តិសមបំផុតចំពោះការប្រព្រឹត្តទង្វើក្បត់ជាតិ របស់គណបក្សប្រឆាំងមួយនេះ ហើយមិនអាចអត់ឱនឲ្យបាននោះឡើយ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានបង្ហាញការគំាទ្រផងដែរចំពោះវិធានការបន្ត ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបន្តទប់ស្កាត់ឧបាយកល បដិវត្តន៍ពណ៌នៅកម្ពុជា ក៏ដូចជាការប្តេជ្ញាថែរក្សាការពារសន្តិសុខ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ប្រឆាំងទប់ស្កាត់បក្សនយោបាយ និងក្រុមអ្នកនយោបាយ ដែលឃុបឃិត និងបម្រើផលប្រយោជន៍បរទេស។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលរបស់កម្ពុជា បានសម្រេចចេញដីការស្ថាពរ​រំលាយគណបក្សសង្រ្គោះជាតិហើយ បន្ទាប់ពីបានរកឃើញថា គណបក្សប្រឆាំងមួយនេះបានប្រព្រឹត្តផ្ទុយ​នឹងច្បាប់ស្តីពីគណបក្សនយោបាយរបស់កម្ពុជា ដោយបានឃុបឃិតជាមួយបរទេស​ ក្នុងចេតនាទុច្ចរិតបំផ្លាញជាតិមាតុភូមិ។

ក្រោយការសម្រេចរបស់តុលាការកំពូល សម្តេចតេជោ ហ៊ុន សែន ក៏បានចេញមកថ្លែងការណ៍ពិសេសមួយ ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាការស្ងប់ស្ងាត់ និងរក្សាសណ្តាប់ធ្នាប់សង្គម ព្រមទាំងអំពាវនាវឱ្យសកម្មជនគណបក្សសង្រ្គោះជាតិ ដែលតុលាការមិនបានបិទសិទ្ធិនយោបាយ បន្តធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឬ គណបក្សដទៃ ឬ បង្កើតគណបក្សនយោបាយ។ ប្រសិនបើពួកគាត់ចង់នៅតែបន្តតួនាទីខ្លួន សម្តេចប្រកាសបន្តស្វាគមន៍ ដែលពួកគេមានពេល ១សប្តាហ៍ ដើម្បីធ្វើការសម្រេចចិត្ត៕