(ភ្នំពេញ)៖ បវរកញ្ញាពិភពលោកឆ្នាំ២០១៧ (Miss Global 2017) មកពី៦០ប្រទេស រួមទាំងកម្ពុជាផងដែរនោះ រួមទាំងក្រុមការងារប្រមាណ១០០នាក់ បានអញ្ជើញទទួលទាន ពិសាអាហារប៊ុលហ្វេ នៅភោជនីយដ្ឋាន Mini Garden BBQ & Soup Buffet ដែលមានទីតាំងនៅទល់មុខ រោងមហោស្រពកោះពេជ្រ។
លោក តូច ឡាវី នាយកគ្រប់គ្រង ភោជនីយដ្ឋានបានថ្លែងថា វត្តមានរបស់បេក្ខជនបវរកញ្ញាឯកពិភពលោក Miss Global 2017 នៅភោជនីយដ្ឋាន មីនីហ្គាឌិន នៅកោះពេជ្រនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បុគ្គលិកគ្រងផ្នែក ដែលបម្រើការនៅភោជនីយដ្ឋាន។
លោក តូច ឡាវី បានបន្តថា សម្រាប់ភោជនីយដ្ឋាន បាននាំមកនូវបន្លែ សាច់ថ្មីៗស្រស់ៗ និងម្ហូបអាហារជាច្រើនមុខ ដែលបានរៀបចំរួចជាស្រេចសម្រាប់បម្រើ ជូនដល់ក្រុមការងារ Miss Global 2017 ក៏ដូចជាភ្ញៀវទាំងអស់ ដែលបានអញ្ជើញចូលមកពិសា។ ក្រៅពីការពិសាអាហារ ដែលមានរសជាតិឆ្ងាញ់ ពិសាប្រកបដោយអនាម័យខ្ពស់ លាយឡំជាមួយបរិយាកាសស្រស់ស្អាត ធំទូលាយ ក្រុមបរវកញ្ញាទាំង៦០រូប ដោយមានការសុំចុះហត្ថលេខា និងថតរូបសែលហ្វីយ៉ាងជិតស្និទបំផុត ជាមួយប្រជាជនកម្ពុជា។
ប្រធានគ្រប់គ្រងបានបញ្ជាក់ថា តាមរយៈវត្តមាននៃការអញ្ជើញរបស់ក្រុមបវរកញ្ញ Miss Global 2017 នៅភោជនីយដ្ឋាន មីនីហ្គាឌិន បានបង្ហាញនូវទំនុកចិត្ត និងការជឿជាក់មកលើគុណភាពអនាម័យ គុណភាពចំណីអាហារ ពីសំណាក់ស្ថប័នកម្មវិធីអន្តរជាតិដ៏ធំមួយនេះ មកគុណភាពម្ហូបអាហារកម្ពុជា។
គួរបញ្ជាក់ផងដែរថា ការប្រកួតបវរកញ្ញាពិភពលោក Miss Global ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ស្រាបៀរ Ganzberg ជាអ្នកឧបត្ថម្ភផ្តាច់មុខសម្រាប់កម្មវិធីប្រកួតបវរកញ្ញាពិភពលោកឆ្នាំ២០១៧ ដែលជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យកម្រិតពិភពលោក មិនធ្លាប់មាននៅក្នុងប្រទេសពីមុនមក ហើយវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នឹងត្រូវបានផ្សាយផ្ទាល់លើកញ្ចក់ ទូរទស្សន៍ ហង្សមាស និងរស្មីហង្សមាស៕