(ភ្នំពេញ)៖ បន្ទាប់ពីពិភាក្សាអស់រយៈពេល១ព្រឹក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋសភាកម្ពុជាមានសមាជិកចូលរួមប្រជុំពេញអង្គចំនួន៦៥រូប បានអនុម័តទាំងស្រុងហើយ ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨ ដែលក្នុងនោះកម្ពុជាគ្រោងនឹងចំណាយ សរុបប្រមាណ៦ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់វិស័យនានារបស់ខ្លួន។
កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការអញ្ជើញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ កិច្ចប្រជុំនៅថ្ងៃនេះ មានរបៀបវារៈចំនួន៥ធំៗ ដែលរួមមាន សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨ និងរបៀបវារៈដទៃទៀត។
សម្រាប់នៅព្រឹកមិញនេះ រដ្ឋសភាបានអនុម័តលើរបៀបវារៈតែ២ប៉ុណ្ណោះ ហើយក៏សម្រេចសម្រាក២ម៉ោងនោះគឺ ការបោះឆ្នោតជ្រើសតំណាងសមាជិក គណៈកម្មការនានា នៃរដ្ឋសភាបន្ថែមចំនួន ០២រូប និង ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨។ ដោយឡែករបៀបវារៈ៣ទៀត នឹងបន្តប្រជុំនៅពេលរសៀល។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍ ខ្លឹមសារសង្ខេប ស្តីពីសេចក្តីព្រាងច្បាប់ថវិការជាតិ ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺនៅឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិការដ្ឋ សរុបចំនួន ២៤,៣៧៥,១០២លានរៀល ដែលស្មើនឹងប្រមាណ៦ពាន់លានដុល្លារអាមេរិក កើនឡើង១៥.២ភាគរយ បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ២១,១៥១,៩៨៥លានរៀល ស្មើនឹងប្រមាណជាង៥,២០០លានដុល្លារអាមេរិក។
ចំណាយសរុបថវិការដ្ឋ ឬថវិកាជាតិ មានដែលប្រមាណ៦ពាន់លានដុល្លារ ត្រូវបានបែងចែកជា២ធំៗគឺ៖
ទី១៖ ចំណាយចរន្តថវិការដ្ឋ ចំនួន ១៥,៩៤៥,៤១៨លានរៀល (ប្រហាក់ប្រហែល៣៩៨០លានដុល្លារ)
ទី២៖ ចំណាយមូលធនថវិការដ្ឋ ចំនួន ៨,៤២៩,៦៨៤លានរៀល (ប្រហាក់ប្រហែល២១០០លានដុល្លារ)
រាជរដ្ឋាភិបាលកម្ពុជា បានព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១៨ថា អាចនឹងបន្តកើនឡើងក្នុងអាត្រា៦,៩% ដូចឆ្នាំ២០១៧ ដែលធ្វើឲ្យ ផលិតផលក្នុងស្រុក (ផ.ស.ស-GDP) តាមថ្លៃបច្ចុប្បន្នកើនឡើងដល់ ៩៩,១១៦,០៤១លានរៀល ប្រមាណជា ២៤,៥៥២លានដុល្លារអាមេរិក ខណៈដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១,៥៦៨ដុល្លារអាមេរិក ដែលមានការកើនឡើងជាងឆ្នាំ២០១៧ ត្រឹមតែ១៤៣៥ដុល្លារតែប៉ុណ្ណោះ៕