(ភ្នំពេញ)៖ លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលចោទគណបក្សប្រជាជនកម្ពុជាសម្លាប់បណ្ឌិត កែម ឡីនោះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ពោលគឺបន្តកាត់ទោសឱ្យ លោក គឹម សុខ ជាប់ពន្ធនាគារ១៨ខែ និងសងប្រាក់តាមកំណត់នៅក្នុងសាលក្រមរបស់តុលាការក្រុងភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក ទូច ថារិទ្ធិ អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ដែលថ្លែងប្រាប់ភ្នាក់ងារបណ្តាញសារព័ត៌មាន Fresh News នៅមុននេះបន្តិច ។
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ សាលាឧទ្ធរណ៍ បានបើកសវនាការជំនុំជម្រះលើបណ្តឹងរបស់ លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលបានប្តឹងជំទាស់ទៅនឹងការសាលក្រមសម្រេចរបស់តុលាការក្រុងភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យជាប្រាក់ចំនួន៨លានរៀល និង សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទ"ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោដូចគ្នា គឺពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ៕