(ភ្នំពេញ)៖ ពិតជាមិននឹកស្មានដល់សោះថា ភាពយន្តខ្នាតធំរឿង «សសរកន្លោង» ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជន និងជាជោគជ័យថ្មីមួយទៀត របស់ផលិតកម្ម «ឥន្ទ្រានិម្មិត» បន្ទាប់ពីរឿង «កំណត់ហេតុនាងនាថ» ដែលបានដាក់បញ្ចាំងតាមបណ្ដារោងភាពយន្តទំនើបនានា កាលពីពេលថ្មីៗកន្លងទៅនេះ។
យោងតាមការឲ្យដឹងពីបណ្ដារោងកុននានា បានឲ្យដឹងថា ភាពយន្តខ្មែររឿង «សរសរកន្លោង» បន្តឈរនៅលំដាប់កំពូល ក្នុងចំណោមសំបូរអ្នកទិញសំបុត្រទស្សនាជាងគេ នៅសប្ដាហ៍នេះ។ ផលិតករ និងដៃគូក្នុងការផលិតបាន បង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែភាពយន្តនេះ នៅតែបន្តនាំមុខភាពយន្តបរទេស នៅតាមរោងកុន ក្នុងពេលដែលក្ដីរំពឹងមុនពេលដាក់បញ្ចាំង គឺមិនហ៊ានរំពឹងថា ខ្លាំងដល់ម្ល៉ឹង។
លោក ចេង វណ្ណា ជាដៃគូភាគហ៊ុនក្នុងរឿង «សរសរកន្លោង» បានអះអាងថា គិតមកត្រឹមថ្ងៃទី១៧ វិច្ឆិកា ភាពយន្តរឿងនេះនៅតែមានអ្នកទស្សនាច្រើនៗ ដោយខាងរោងកុននៅបន្តទុកម៉ោងល្អ ដើម្បីលក់សំបុត្រនោះផង បើទោះជាភាពជាក់ស្ដែង គឺខាងរោងកុនរមែងមានយុទ្ធសាស្រ្ត កាត់ម៉ោងសម្រាប់រឿងខ្មែរចោល ឲ្យតែរាងធ្លាក់ភ្ញៀវតែបន្តិច ដើម្បីដាក់រឿងបរទេស។ នៅមិនទាន់ដឹងថា ភាពយន្តរឿង «សរសរកន្លោង» ប្រមូលបានភ្ញៀវប៉ុន្មាន ឲ្យច្បាស់លាស់ទេ ប៉ុន្តែស្ថិតិនៅតាមរោងកុន នៅតែមានអ្នកទស្សនាពេញៗ ជាពិសេសម៉ោងដែលបាន បញ្ចាំងក្នុងពេលល្អៗដែលជាម៉ោងទំនេររបស់អ្នកចូលចិត្តដើរផ្សារ។
សូមបញ្ជាក់ថា ភាពយន្តនេះ ប្រមូលបានអ្នកទស្សនា ដល់ខ្ទង់ម៉ឺននាក់ហើយ ដោយលោករំពឹងថា យ៉ាងហោចណាស់ក៏ទទួលបានប្រាក់ចំណូល មិនក្រោម៣០ម៉ឺនដុល្លារនោះទេ ដោយសារសម្អាងថា កាលពីផលិតកម្មឥន្ទ្រានិមិត្ត ដាក់បញ្ចាំងរឿង «កំណត់ហេតុនាងនាថ!» ក៏ទទួលបានប្រាក់ចំណូល រហូតដល់៣០ម៉ឺនដុល្លារម្ដងហើយ។ ភាពយន្តនេះ នឹងក្លាយជាភាពយន្តជោគជ័យទី២ បន្ទាប់ពីរឿង «កំណត់ហេតុនាងនាថ» ប៉ុន្តែនៅមិនទាន់ដឹងថា នឹងបន្តផលិតសម្រាប់ស្នាដៃទី៣ នោះទេ ដោយសារតែផលិតករសំខាន់ គឺលោក ចាន់ណា រ៉ូណាន់ ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែង បានប្រកាសសុំផ្អាកផលិតភាពយន្ត គួរឲ្យភ្ញាក់ផ្អើល៕