(ភ្នំពេញ)៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានស្នើទៅអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីសុំបង្កកការបើកប្រាក់ឧបត្ថម្ភប្រចាំខែ ជូនសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុកមកពីគណបក្សសង្គ្រោះជាតិ។ នេះបើតាមលិខិតរបស់ អគ្គនាយកដ្ឋានរដ្ឋបាល ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។
អគ្គនាយកដ្ឋានរដ្ឋបាលបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការ នោះបញ្ជីបេក្ខជន និងសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក ទាំងអស់នៃគណបក្សនេះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។
«ហេតុនេះក្រសួងមហាផ្ទៃ សូមស្នើបង្កកការបើកប្រាក់ឧបត្ថម្ភប្រចាំខែជូនសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក មកពីគណបក្សសង្គ្រោះជាតិចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ»៕