(សៀមរាប)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសបារាំង មានឈ្មោះថា «បេសកកម្មមនុស្សធម៌នៅកម្ពុជា» (Association Mission Humanitaire Cambodge) ចុះជួយពិនិត្យ និងព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងឃុំយាង,ឃុំសរសស្តម្ភ និងឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់បងប្អូន លោកយាយលោកតា ដែលមានការលំបាកខ្វះខាត ក្នុងការស្វះស្វែងរកសេវាព្យាបាល នៅក្នុងតំបន់របស់ពួកគាត់។
ជំនួយការផ្ទាល់ របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ បានថ្លែងឲ្យដឹងថា ការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសបារាំង «បេសកកម្មមនុស្សធម៌នៅកម្ពុជា» ជួយព្យាបាលជំងឺ និងចែកថ្នាំសង្កូវជូនដល់ប្រជាពលរដ្ឋ នៅតាមទីជនបទ របស់លោកនាយឧត្តមសេនីយ៍នៅពេលនេះ គឺក្នុងគោលបំណងជួយសម្រួល ការលំបាកជូនដល់ពួកគាត់ ក្នុងការថៃទាំសុខភាពប្រចាំថ្ងៃ និងជាសេវាកម្មសុខភាពមួយ ធ្វើឲ្យពួកគាត់មានភាពប្រសើរឡើង ជៀសវាងមានបញ្ហាធ្ងន់ធ្ងរ ទើបរត់ទៅរកគ្រូពេទ្យឲ្យជួយ។
ជំនួយការផ្ទាល់ដដែល បានបញ្ជាក់ថា ការចុះជួយពិនិត្យព្យាបាលជំងឺ និងផ្ដល់នូវថ្នាំសង្កូវជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសដល់លោកយាយលោកតា ចាស់ជរានេះ គឺមានរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ ដល់១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ និងក្នុងគោលដៅចំនួន៣ឃុំ មានឃុំយាង,ឃុំសរសស្តម្ភ និងឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប។ យ៉ាងណាមិញ ដោយគ្រាន់តែរយៈពេលពិនិត្យ និងព្យាបាលពេញមួយព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ គឺមានប្រជាពលរដ្ឋរាប់រយនាក់មកហើយ ដែលបានមកទទួលសេវាពិនិត្យ និងព្យាបាលពីក្រុមគ្រូពេទ្យ មកពីប្រទេសបារាំង មានឈ្មោះថា «បេសកកម្មមនុស្សធម៌នៅកម្ពុជា»៕