(ព្រៃវែង)៖ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ និងទទួលបានការទុកចិត្តបំផុតនៅកម្ពុជា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងដើរតួនាទីសំខាន់ ក្នុងការតបស្នងដល់សហគមន៍មូលដ្ឋានរបស់ខ្លួន។
ក្នុងនោះ បុគ្គលិក ទីប្រឹក្សាហិរញ្ញវត្ថុ និងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ប្រមាណជាង១០០នាក់ នៅខែវិច្ឆិកានេះ បានចុះជួយជួសជុល និងលាបថ្នាំអគារសាលារៀន ចំនួនបីខ្នង របស់សាលាបឋមសិក្សាព្រៃតាម៉ុក ក្នុងខេត្តព្រៃវែង ដែលនឹងជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សជាង ៥០០នាក់។ នេះជាសាលារៀនទីប្រាំ ហើយ ដែលទទួលបានការគាំទ្រពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា តាមរយៈគម្រោង «ញញឹមជាមួយគ្នាទី២» ។
លោកស្រី ហួត សាន់នី នាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជាបានថ្លែងថា៖ «គម្រោង «ញញឹមជាមួយគ្នា» ជាគឺការផ្តួចផ្តើមរបស់បុគ្គលិក ក្រុមហ៊ុនព្រូដិនសលកម្ពុជា ចាប់តាំងពីឆ្នាំ២០១៥ ក្នុងគោលបំណង ដើម្បីលើកស្ទួយការអប់រំរបស់កុមារ នៅតាមទីជនបទ ដោយធ្វើឱ្យបរិស្ថានសាលារៀន មានភាពល្អប្រសើរ និងបង្កើនបរិយាកាសកុមារមេត្រី ដល់ពួកគេ។ កម្មវិធីនេះ ទទួលបានការគាំទ្រទាំងពេលវេលា និងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ពីបុគ្គលិក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជាទាំងអស់គ្នា»។
លោក ខែក រដ្ឋា នាយកសាលាបឋមសិក្សាព្រៃតាម៉ុកថ្លែងថា៖ «ខ្ញុំមានចិត្តត្រេកអរណាស់ ចំពោះក្រុមហ៊ុនព្រូដិនសល ដែលមកជួយសាលាយើងខ្ញុំ អស់ពីចិត្តពីថ្លើម ហើយក៏ជាលើកទីមួយសម្រាប់ខ្ញុំ សម្រាប់សាលាយើងខ្ញុំ ដែលមានក្រុមហ៊ុនក្នុងស្រុកមកជួយ។ កន្លងមក មិនធ្លាប់មានអង្គការ ឬក្រុមហ៊ុនផ្សេងៗណា មកជួយជួសជុល និងលាបថ្នាំអគារដូច្នេះទេ»។ «ញញឹមជាមួយគ្នា» ជាគម្រោងអភិវឌ្ឍន៍សហគមន៍មួយរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលក្រុមហ៊ុនបានកំណត់យកសាលារៀនមួយចំនួនដើម្បីជួយគាំទ្រ ផ្អែកលើលក្ខណៈវិនិច្ឆ័យផ្ទាល់ពីក្រុមហ៊ុន និងតាមការណែនាំពីដៃគូរបស់ខ្លួនគឺអង្គការ Save the Children ក្នុងការជួយកែលម្អអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដើម្បីផ្តល់នូវបរិយាកាសនៃការសិក្សា ប្រសើរជាងមុនសម្រាប់កុមារ។
ចាប់តាំងពីគម្រោងនេះ ត្រូវបានផ្ដួចផ្ដើមបង្កើតមក ថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានជួយជួសជុលកែលម្អបន្ទប់រៀន បង្គន់អនាម័យ លាបពណ៌ជញ្ជាំង និងជួសជុលដំបូល នៅតាមសាលារៀន ព្រមទាំងផ្តល់សម្ភារៈសិក្សា ដល់សាលារៀនចំនួន៥សាលាហើយ។ នៅថ្ងៃនោះដែរ បុគ្គលិករបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានផ្សព្វផ្សាយគំនូរជីវចលអប់រំផ្នែកមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ «ឆា-ឈីង» ដល់កុមារប្រមាណ៥០នាក់ របស់សាលាបឋមសិក្សាព្រៃតាម៉ុកផងដែរ។ ការផ្សព្វផ្សាយកម្មវិធី ឆា-ឈីង នេះ គឺដើម្បីឲ្យកុមារជាសិស្សានុសិស្សនៅកម្ពុជា ទទួលបាននូវចំណេះដឹងមូលដ្ឋាន ក្នុងការគ្រប់គ្រងលុយកាក់ និងយល់ដឹងពី គោលគំនិតចំនួនបួន គឺរកលុយ សន្សំចាយ និងបរិច្ចាគ ។
ក្រៅពីគម្រោងនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា តាមរយៈមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុន ក៏បានគាំទ្រដល់កម្មវិធី «អំណានដំបូង» និងកម្មវិធី «សាលារៀនសុវត្ថិភាព» នៅកម្ពុជាថែមទៀតផង។ កម្មវិធីទាំងអស់នេះ សុទ្ធតែបង្ហាញឲ្យឃើញអំពីឆន្ទៈរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជឿជាក់ថា ការគាំទ្រលើវិស័យអប់រំរបស់កុមារ គឺជាការសាបព្រួសនូវគ្រាប់ពូជ ប្រកបដោយគុណភាពសម្រាប់វឌ្ឍនភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសកម្ពុជា ៕