(សៀមរាប)៖ គម្រោងអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ របស់មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និង KOICA សហការជាមួយអាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលជំនាញជួសជុលថ្ម ដល់មន្ត្រីបុគ្គលិកដែលបំពេញអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ។
គ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាល គឺមន្ត្រីជំនាញជនជាតិខ្មែរ លោក ឡុង ណារី និងលោក រីក រ៉េត ដែលជាមន្ត្រីមានជំនាញលើការងារព្យាបាលថ្មជាច្រើនឆ្នាំ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា។
ការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបន្ថែមចំណេះដឹង និងជំនាញដល់មន្ត្រីបុគ្គលិកខ្មែរ ដើម្បីបំពេញការងារអភិរក្សជួសជុលឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងគម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរ។
លោក ឡុង ណារី បញ្ជាក់ថា មេរៀនសំខាន់ៗដែលលោកបានយកចែករំលែក ដល់សិក្ខាកាមនៅពេលនេះ គឺពាក់ព័ន្ធនឹងការព្យាបាលថ្ម។
លោករៀបរាប់ថា យើងបានបង្រៀនពួកគាត់ឲ្យចេះធ្វើឯកសារ ដូចជា ការរៀបចំផែនទី ការបង្ហាញអំពីប្រភេទជំងឺរបស់ថ្ម និងសរសេររៀបរាប់អំពីវិធីសាស្ត្រ និងសម្ភារៈដែលត្រូវព្យាបាលជាដើម។
លោក ណារី បានបន្តថា តពីនេះយើងបានបង្រៀនពួកគាត់ឲ្យចេះយកជាតិអំបិលចេញពីថ្ម យកជាតិដែកច្រេះ និងស៊ីម៉ង់ដែលបារាំងបានប្រើប្រាស់ក្នុងសម័យមុន ដើម្បីជួសជុលប្រាសាទជាដើម បន្ទាប់មក យើងក៏បង្រៀនពួកគាត់ឲ្យចេះវិធីតថ្ម ការផ្សំសារធាតុផ្សំដើម្បីភ្ជាប់ថ្មជាដើម។
លោកបន្ថែមថា រយៈពេលប៉ុណ្ណេះ មិនគ្រប់គ្រាន់ទេសម្រាប់មេរៀនព្យាបាលថ្ម តែវាជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមការងារនៅទីនេះ ជាពិសេសក្រុមការងាររបស់លោកនឹងនៅតាមជួយក្នុងពេលក្រោយៗទៀត នៅពេលដែលក្រុមការងារត្រូវការរូបលោក។
លោក Park Dong Hee មន្ត្រីសម្របសម្រួលនៃគម្រោងនេះបញ្ជាក់ថា ការអញ្ជើញមន្ត្រីជំនាញខ្មែរមកបណ្តុះបណ្តាលនាពេលនេះ គឺដោយសារពួកគាត់មានបទពិសោធន៍គ្រប់គ្រាន់ សម្រាប់ការងារព្យាបាលថ្មចាស់មុនយកមកប្រើប្រាស់ឡើងវិញ។
គម្រោងអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ មានអ្នកជំនាញកូរ៉េផ្នែកព្យាបាលថ្មនេះដែរ តែជាប្រភេទថ្មផ្សេងពីនេះ។ គម្រោងអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ ចង់បានបច្ចេកទេសរបៀបនេះទៅផ្ទៀងផ្ទាត់ជាមួយអ្នកជំនាញរបស់យើងដែរ ហើយយើងរំពឹង ឆ្លងកាត់ការពិសោធន៍បន្តិចទៀតទៅ គម្រោងអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ នឹងអាចចែករំលែកគ្នាទៅវិញទៅមកពីបច្ចេកទេសរបស់ខ្មែរ និងអ្នកជំនាញកូរ៉េ នាពេលអនាគត។
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅការដ្ឋានប្រាសាទកោរសក់ នៃក្រុមប្រាសាទព្រះពិធូរផ្ទាល់។
សិក្ខាកាមដែលចូលរួមវគ្គវគ្គបណ្តុះបណ្តាលនេះ ជាមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា ៣នាក់ ដែលសហការធ្វើក្នុងគម្រោងគឺមន្ត្រីជំនាញផ្នែកបុរាណវិទ្យា វិស្វកម្ម និងជំនាញជួសជុល។ ក្រៅពីនេះមានកម្មករខ្មែរចំនួន ១២នាក់ កំពុងបំពេញការងារជួសជុលជាមួយអ្នកជំនាញ៕