(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអំពាវនាវជាថ្មីម្តងទៀត ចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិ ដែលចង់បន្តបម្រើប្រជាពលរដ្ឋ គឺបងប្អូនមានពេលវេលាច្រើនជាង១សប្តាហ៍ទៀត ដើម្បីមានឱកាសរួមជីវភាពនយោបាយ និងអាចបម្រើប្រជាពលរដ្ឋតទៅទៀត។
ការអំពាវនាវជាថ្មីរបស់សម្តេចតេជោជាលើកទី២នេះ ត្រូវបានសម្តេចអះអាងយ៉ាងច្បាស់ថា គឺមិនមែនជាការទិញដូរនោះឡើយ គឺគណបក្សប្រជាជនកម្ពុជា គ្មានប្រាក់ដើម្បីធ្វើការទិញដូរណាមួយនោះទេ គ្រាប់តែជាការផ្តល់ឱកាសដើម្បីឲ្យបងប្អូនដែលចង់បន្ត បម្រើប្រពលរដ្ឋមានពេលវេលាមកធ្វើកិច្ចការ ដើម្បីបម្រើប្រជាជន និងប្រទេសជាតិប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនៅតែបន្តអំពាវនាវដល់បងប្អូន ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុកខណ្ឌ [សមាជិកបក្សសង្គ្រោះជាតិ] នៅទូទាំងប្រទេស បងប្អូននៅមានពេលវេលានៅឡើយ។ បន្ទាប់គណបក្សសង្គ្រោះជាតិត្រូវរលាយ រយៈពេល២សប្តាហ៍យ៉ាងយូរ នឹងត្រូវរៀបចំបែងចែកអសនៈឲ្យរួចរាល់ ដូច្នេះបងប្អូន មានឱកាសច្រើនជាង១មួយសប្តាហ៍បន្តិច នៅមុនពេលដែលគណបក្សនយោបាយនានា នឹងដាក់បញ្ជីឈ្មោះ ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីជំនួសតំណែងរបស់បងប្អូន ដែលត្រូវបាត់បង់។ ប្រសិនបើបងប្អូនបន្ត ដើម្បីចង់ចូលរួមចំណែក ក្នុងការបន្តបេសកកម្ម ជាមេភូមិ ចៅសង្កាត់ ជាជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ឬសមាជិកក្រុមប្រឹក្សាស្រុកខេត្ត-រាជធានី យើងនៅបន្តទទួលស្វាគមន៍ ចំពោះបងប្អូន»។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បន្ថែមថា ក្នុងនាមសម្តេចជាប្រធានគណបក្សប្រជាជនកម្ពុជា សូមឲ្យប្រធានគណបក្ស គណៈកម្មាធិការបក្ស នៅតាមខេត្តរាជធានី នៅតាមស្រុកខណ្ឌ និងតាមឃុំសង្កាត់ មេត្តាយោគយល់ និងរៀបចំឲ្យបងប្អូនគណបក្សសង្គ្រោះជាតិ ដែលបានចាកចេញរួមមកហើយ និងបន្តចាកចេញជាបន្តទៀត រៀបចំដាក់ឲ្យពួកគាត់បានទៅធ្វើជា ចៅសង្កាត់ មេភូមិ សមាជិកក្រុមប្រឹក្សានៅតួនាទីដដែលដើម្បីផ្តល់ឱកាសដល់បងប្អូន ទាំងអស់នោះ បានបន្តបម្រើប្រជាពលរដ្ឋបន្តទៀត ក្រោមឆត្រ័របស់គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «បងប្អូន [សមាជិកបក្សសង្គ្រោះជាតិ] មិនត្រូវមើលឃើញថា អ្វីដែលជាការសំណូមពររបស់ខ្ញុំនេះជាការទិញ ដូរនោះទេ យើងគ្មានប្រាក់កាសដើម្បីទិញដូរណាមួយនោះទេ យើងគ្រាប់តែចង់ផ្តល់ឱកាសឲ្យបងប្អូន ដើម្បីមានពេលវេលាមកធ្វើកិច្ច ដើម្បីបម្រើប្រជាជន តែប៉ុណ្ណោះ ឱកាសនេះកម្រណាស់»៕