(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទ្ធម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៤ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ ចាប់ពីម៉ោង០៨៖០០នាទីព្រឹក រហូតដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់ នាសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។
សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងរួមចំណែកអភិវឌ្ឍសមត្ថភាពស្រាវជ្រាវនៅកម្ពុជាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងម៉ាក្រូសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ និងលើកម្ពស់ការពិភាក្សារវាងភាគីពាក់ព័ន្ធក្នុងចំណោមអ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នករៀបចំគោលនយោបាយ ដើម្បីផ្ដល់ជាធាតុចូលសម្រាប់ធនាគារជាតិនៃកម្ពុជា ក្រសួង-ស្ថាប័ន ក៏ដូចជាភាគីពាក់ព័ន្ធក្នុងការរៀបចំគោលនយោបាយ និងគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ។
ការរៀបចំសន្និសីទ្ធម៉ាក្រូសេដ្ឋកិច្ចនេះ ធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យស្រាវជ្រាវលើប្រធានបទ «តួនាទីរបស់បច្ចេកវិទ្យាក្នុងការលើកកម្ពស់បរិយាបន្ដហិរញ្ញវត្ថុ»។
ជាលទ្ធផលកម្ពុជានឹងអាចបន្ដលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុបន្ថែមទៀត ដោយប្រសិទ្ធភាព ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព សមភាព និងបរិយាប័ន្នស្របតាមផែនការយុទ្ធសាស្រ្ដ
អភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្ដចតុកោណដំណាក់ទី៣ និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល។
ធនាគារជាតិនៃកម្ពុជាក៏នឹងទុកលទ្ធភាពមួយចំនួនសម្រាប់អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នករៀបចំគោលនយោបាយដែលមានចំណាប់អារម្មណ៍អាចចូលរួមក្នុងសន្និសីទខាងលើ តាមរយៈការដាក់សំណើសុំចូលរួមមកនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្ដរជាតិ ដោយភ្ជាប់មកជាមួយនូវគោលបំណង និងប្រវត្តិរូបសង្ខេប យ៉ាងយូរត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧៕