(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលដីកាតុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ។ ជាមួយគ្នានោះ ព្រឹទ្ធសភា ក៏បានប្រកាសគាំទ្រពេញទំហឹងនូវ អនុសាសន៍ទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានៅតែបន្តដំណើរការ។
សូមបញ្ជាក់ថា តុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសសាលដីកាសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ។ ជាមួយគ្នានោះ តុលាការក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
ក្រោយមានសាលដីកាសម្រេចនេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាការស្ងប់ស្ងាត់ និងរក្សាសណ្តាប់ធ្នាប់សង្គម ព្រមទាំងអំពាវនាវឱ្យសកម្មជន គណបក្សសង្រ្គោះជាតិ ដែលតុលាការមិនបានបិទសិទ្ធិនយោបាយ បន្តធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឬគណបក្សដទៃ ឬបង្កើតគណបក្សនយោបាយ។ ប្រើសិនបើពួកគាត់ចង់នៅតែបន្តតួនាទីខ្លួន សម្តេចប្រកាសបន្តស្វាគមន៍ ដែលពួកគេមានពេល១សប្តាហ៍ ដើម្បីធ្វើការសម្រេចចិត្ត៕