(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងមន្រ្តីរាជការក្រសួងនេះ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលដីកាតុលាការកំពូល ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិដែលប្រព្រឹត្តិបទល្មើសក្បត់ជាតិ និងគាំទ្រនូវការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការចេញសាលដីការំលាយ គណបក្សសង្រ្គោះជាតិរបស់តុលាការកំពូល គឺជារឿងស័ក្តិសមបំផុតចំពោះការប្រព្រឹត្តទង្វើក្បត់ជាតិ របស់គណបក្សនយោបាយមួយនេះ ដែលមិនអាចអត់ឱនឲ្យបាននោះឡើយ។

លោកទេសរដ្ឋមន្រ្តី បានប្រកាសគាំទ្រចំពោះការអំពាវនាវដ៏ពិស្តាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សំដៅធានានូវឯករាជភាព អធិបតេយ្យភាព សាមគ្គីភាព សន្តិភាព សន្តិសុខសង្គម លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ សម្រាប់ប្រជាពលរដ្ឋកម្ពុជាជាទីស្រឡាញ់ស្មើជីវិតរបស់សម្តេច ដែលបានរំដោះពីបនប្រល័យពូជសាសន៍ប៉ុលពត។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជា បានសម្រេចចេញដីការស្ថាពររំលាយគណបក្សសង្រ្គោះជាតិហើយ បន្ទាប់ពីបានរកឃើញថា គណបក្សប្រឆាំងមួយនេះ បានប្រព្រឹត្តផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយរបស់កម្ពុជា ដោយបានឃុបឃិតជាមួយបរទេស ក្នុងចេតនាទុច្ចរិតបំផ្លាញជាតិមាតុភូមិ។

ក្រោយការសម្រេចរបស់តុលាការកំពូលនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាការស្ងប់ស្ងាត់ និងរក្សាសណ្តាប់ធ្នាប់សង្គម។ សម្តេចបានអំពាវនាវឱ្យ សកម្មជនគណបក្សសង្រ្គោះជាតិ ដែលតុលាការមិនបានបិទសិទ្ធិនយោបាយ បន្តធ្វើនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ឬគណបក្សដទៃ ឬបង្កើតគណបក្សនយោបាយ។ ប្រសិនបើពួកគាត់ចង់នៅតែបន្តតួនាទីខ្លួន សម្តេចប្រកាសបន្តស្វាគមន៍ ដែលពួកគេមានពេល១សប្តាហ៍ ដើម្បីធ្វើការសម្រេចចិត្ត។ សម្តេចប្រកាសប្រាប់ទៅបរទេសកុំឱ្យធ្វើអ្វីដូច អតីតកាល ដូចជាគាំទ្រ លោក លន់ នល់ ដើម្បីបំផ្លាញកម្ពុជា៕