(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងជំរុញ និងលើកទឹកចិត្ដ ដល់និស្សិតពេទ្យទាំងអស់ ត្រូវយកចិត្ដទុកដាក់លើការសិក្សារៀនសូត្រ​ គ្រប់មុខវិជ្ជាដែលត្រូវបំពេញ ពិសេសនិស្សិត ដែលជ្រើសទៅតាមជំនាញផ្សេងៗ ត្រូវខិតខំប្រឹងប្រែង និងដុតខាត់ប្រាជ្ញាស្មារតី ជាមួយនិងភាពវ័យឆ្លាត ឲ្យបានច្បាស់លាស់ ដើម្បីជាបង្គោលផ្ដល់សេវាសុខាភិបាល ជូនគ្រួសារយើង ប្រជាពលរដ្ឋ និងប្រទេសជាតិ ឲ្យបានកាន់តែប្រសើរឡើង។

រដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សា ២០១៧-២០១៨ នៅសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល នារសៀលថ្ងៃទី១៦ ខែវិច្ឆិកានេះ ដែលមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំមន្ដ្រីរាជការ បុគ្គលិកសាកលវិទ្យាល័យ និងអ្នកចូលរួមជាច្រើនផ្សេងទៀត។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ថ្លែងទៀតថា «ខ្ញុំពិតជាមានភាពរីករាយណាស់ ដែលឃើញសិស្សនិស្សិតរបស់យើង ពោរពេញទៅដោយសមត្ថភាព និងការអប់រំល្អ តែខ្ញុំសូមបន្ដជំរុញលើកទឹកចិត្ដ ឲ្យនិស្សិតយើងប្រឹងប្រែងក្រេបយកចំណេះដឹងបន្ថែមទៀត ដើម្បីទទួលបានជំនាញច្បាស់លាស់ ដើម្បីពេលយើងបញ្ចប់ការសិក្សា ហើយបន្ដទៅពិនិត្យព្យាបាលប្រជាពលរដ្ឋយើង ត្រូវប្រកបដោយចំណេះជំនាញពិតប្រាកដ ស្របពេលបច្ចុប្បន្ននេះ យើងមាននូវឧបករណ៍ទំនើបជាច្រើន សម្រាប់ពិនិត្យព្យាបាលនោះ។ ពិសេសថ្ងៃនេះយើងនឹងចែកប័ណ្ណសរសើរជូនគ្រូឆ្នើម និងសិស្សពូកែប្រចាំឆ្នាំផងដែរ នេះបានបញ្ជាក់ឲ្យឃើញពី សមិទ្ធផល ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិក សាស្ដ្រាចារ្យ និស្សិតនៃសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល ទាំងអស់ រួមផ្សំនឹងកត្ដាចលករផ្សេងៗពិសេស គឺសុខសន្ដិភាពទូទាំងប្រទេស ការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមមាគ៌ា នយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា»

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ក៏បានថ្លែងជំរុញ ដល់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ត្រូវខិតខំបន្ថែមក្នុងការធ្វើទំនើបកម្មប្រព័ន្ធផ្ដល់សេវា ការស្រាវជ្រាវដែលមានលក្ខណៈទំនើប លើកកម្ពស់គុណភាពនៃការបណ្ដុះបណ្ដាលជំនាញ ពង្រីកកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗ និងគ្រឹះស្ថានឧត្ដមសិក្សា ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីកៀងគរនូវធនធាន ចូលរួមអភិវឌ្ឍន៍សាកលវិទ្យាល័យ និងត្រូវបន្ដចូលរួមសកម្មភាពសង្គមនានា ដែលជាទំនួលខុសត្រូវសង្គម។

ជាកិច្ចឆ្លើយតប លោកសាស្ដ្រចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រ​សុខាភិបាល បានថ្លែងថា ផ្នែកវេជ្ជសាស្រ្ត និងផ្នែកគិលានុបដ្ឋាក ដោយរលូន ហើយមហាវិទ្យាល័យឱសថសាស្រ្ត នឹងចាប់ផ្តើមបើកថ្នាក់កម្មវិធីអន្តរជាតិចាប់ ពីឆ្នាំសិក្សាថ្មីនេះតទៅ។ នៅក្នុងឆ្នាំសិក្សា ២០១៦-២០១៧ កន្លងមកនេះ សាលារបស់យើង បានបណ្ដុះបណ្ដាល និស្សិតមានចំនួនសរុប ៧,០៤១នាក់ ក្នុងនោះជានិស្សិតស្រីចំនួន ៣,៧១៧នាក់ និងមាននិសិ្សត ចំនួន ៧២៨នាក់ ទទួលអាហារូបករណ៍របស់រាជរដ្ឋាភិបាល ។ បន្ថែមលើនេះ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន ៦៣នាក់ (ស្រី១២នាក់) បានទទួលអាហារូបករណ៍ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយសម្រាប់ក្នុងឆ្នាំសិក្សាថ្មីនេះ មាននិសិ្សតសារុបចំនួន៧៦៣នាក់ បានប្រលងជាប់ចូលរៀនកំរិតបរិញ្ញាបត្រ័នានានៅសវសដែលក្នុងនោះមាននិសិ្សតនិទ្ទេស អេ ចំនួន៧៨នាក់ផងដែរ។

លោកសាស្រ្ដាចារ្យបន្ដថា បន្ថែមលើការកែលម្អកម្មវិធីសិក្សាដែលមានស្រាប់ នៅគ្រប់មហាវិទ្យាល័យ-សាលា ឲ្យទៅជា កម្មវិធីសិក្សាដែលផ្អែកលើសមត្ថភាពជំនាញ ដើម្បីធានាឲ្យនិស្សិតដែល បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានចំណេះដឹង ចំណេះធ្វើ និងឥរិយាបទវិជ្ជាជីវៈល្អប្រសើរ សាកលវិទ្យាល័យបាននិងកំពុងខិតខំរៀបចំកែ សំរួល និងបច្ចុប្បន្នភាព កិច្ចតែងការបង្រៀន (course syllabus) ឲ្យស្របតាមនិយាម គរុកោសល្យ និងគោលការណ៍ទទួលស្គាល់គុណភាពផ្ទៃក្នុងរបស់គណកម្មាធិការទទួល ស្គាល់ គុណភាពអប់រំនៅកម្ពុជា។
ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ នេះផងដែរ សកលវិទ្យាល័យបាន បើកកម្មវិធីសិក្សាថ្មីមួយថែមទៀតគឺកម្មវិធីថ្នាក់បរិញ្ញាបត្រ័ព្យាបាលដោយចលនាបន្តពីថ្នាក់បរិញ្ញាបត្រ័រង ដោយមានការសហការ ជាមួយ អង្គការ SIF របស់ប្រទេសសាំងហ្គាពួរ និង អង្គការ ICRC international ផងដែរ។

លោកសាស្ដ្រាចារ្យថ្លែងទៀតថា មកដល់ពេលនេះ សាកលវិទ្យាល័យ បានបណ្តុះបណ្តាលវគ្គគរុកោសល្យមូលដ្ឋាន ដល់សាស្រ្តាចារ្យដែលបង្រៀននៅស.វ.ស សរុប បានចំនួន៣០៩រូប ។ក្រៅពីនេះ សាកលវិទ្យាល័យ ក៏បានបណ្តុះបណ្តាលជំនាញគ្លីនីក ដល់សាស្រ្តាចារ្យ បានចំនួន ៧២រូប តាម រយៈការអញ្ជើញគ្រូបរទេស មកបណ្តុះបណ្តាលនៅស.វ.ស។ សាកលវិទ្យាល័យ បានពង្រឹងនូវការងារសេវានិស្សិតជាប្រចាំជាច្រើន រួមទាំងជំរុញលើកទឹកចិត្ត សកម្មភាព មិត្តជួយមិត្ត របស់និស្សិតជាពិសេស កម្មវិធី Peer Assisted Learning «PAL»របស់និសិ្សត នៅក្នុងមហាវិទ្យាល័យ វេជ្ជសាស្រ្ត និងកម្មវិធីផ្សេងៗជាច្រើនទៀត៕