(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំប្រកួតប្រជែងមហោស្រពភាពយន្ដជាតិ លើកទី៥ រយៈពេល៥ថ្ងៃ ដើម្បីយកស្នា​ដៃភាពយន្ដរបស់​ម្ចាស់ស្នាដៃផលិតករខ្មែរ ទៅប្រកួតប្រជែង និងលើកកម្ពស់សមត្ថភាព ក្នុងការផលិតស្នាដៃភាពយន្ដ។

លោក គង់ កន្ដារ៉ា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា មហោស្រពភាពយន្ដ ជាព្រឹត្តិការណ៍នៃ​ការប្រមូលផ្ដុំ​ស្នាដៃ​ខ្មែរ ដែលទទួលបានការគាំទ្រពីសំណាក់ មហាជនកន្លងមក យកមកធ្វើការប្រកួតប្រជែងដណ្ដើមជយលាភី និងពាន់រង្វាន់។ នេះជា​លើកទី៥ហើយ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំព្រឹត្តិការណ៍នេះ។

លោកបានបន្ដទៀតថា​ ការប្រកួតមហោស្រពនេះ នឹងចាប់ផ្ដើមឡើងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅសាលសន្និ​សីទចតុមុខ និងគ្រប់រោងភាពយន្ដទំនើប ក្នុងរាជធានីភ្នំពេញ។

គ្រប់ស្នាដៃទាំងអស់ដែលត្រូវយកមកប្រកួតប្រជែងត្រូវផ្ដោតលើខ្លឹមសារដូចជា៖

១៖ ផ្ដោតទៅលើការអប់រំ និងផ្សព្វផ្សាយចំណេះដឹងអំពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ
២៖ លើកស្ទួយវប្បធម៌សន្ដិភាព និងអហិង្សា
៣៖ ពង្រឹងសាមគ្គីភាព និងឯកភាពជាតិ

លោកអនុដ្ឋលេខាធិការ បានថ្លែងឲ្យដឹងទៀតថា ពាន់រង្វាន់ និងជយលាភីសរុបចំនួន១០ ដែលក្នុងនោះមានតែ១ប៉ុណ្ណោះសម្រាប់​ស្នាដៃភាពយន្ដល្អផ្ដាច់គេ និងពានរង្វាន់បុគ្គល៩ផ្សេងទៀត សម្រាប់បុគ្គលជាតិខ្មែរ ដែលមានស្នាដៃល្អឆ្នើម។

លោកបញ្ជាក់ទៀតថា ផលិតកម្មដែលបានយកស្នាដៃភាពយន្ដ មកចូលរួមប្រកួតប្រជែងមាន៩រួមមាន៖ ផលិតកម្មរ៉ក់ , មហាហង្ស, មាតុចក្រ, ចក្រវាឡពេជ្រ, ខ្មែមេគង្គ, កងចក្រភីកឈ័រ, ថោន អ៊ិនធើធេនមេន, ៨០២ អេឌី និងផលិតកម្ម ហ្សី អ៊ីនធើធេនមេន។ ស្នាដៃ​ភាពយន្ដទាំងអស់នឹងឆ្លងកាត់ ការពិនិត្យវាយតម្លៃជា២ដំណាក់កាល ដោយគណៈកម្មការមេប្រយោគ។ ស្នាដៃដែលទទួលបានការ​ជ្រើសរើសចូលក្នុងវគ្គទី២ នឹងយកទៅចាក់បញ្ចាំងតាមរោងភាពយន្ដ។

លោកបានបញ្ជាក់ថា ស្នាដៃភាពយន្ដដែលជាប់ ជយលាភីល្អប្រចាំមហោស្រព នឹងទទួលបានពានរង្វាន់មាស អមជាមួយថវិកាចំនួន​៣០លានរៀល។ ចំណែកឯងពានរង្វាន់ឯកទេស សម្រាប់បុគ្គល (ជនជាតិខ្មែរ) ដែលមានស្នាដៃឆ្នើមចំនួន៩រង្វាន់រួមមាន អ្នកនិពន្ធឆ្នើម ទទួលបានពានរង្វាន់មាស អមជាមួយថវិកា, អ្នកដឹកនាំរឿងឆ្នើម ទទួលបានពានរង្វាន់មាស និងថវិកា, អ្នកថតភាពយន្ដ​ឆ្នើម ទទួល​បានពានរង្វាន់មាស និងថវិកា, តួសម្ដែងឆ្នើម (បុរស) ទទួលបានពានរង្វាន់មាស និងថវិកា, តួសម្ដែងឆ្នើម (ស្រ្ដី) ទទួលបានពានមាស និងថវិកា អ្នកតុបតែងឆាកឆ្នើម ទទួលបានពានរង្វាន់មាស និងថិវកា អ្នកបច្ចេកទេសពន្លឺឆ្នើម ពានមាស​និង​ថវិកា អ្នកដំឡើងរូបភាពឆ្នើមទទួលបានពានរង្វាន់មាស និងថវិកា និងអ្នកផ្គុំសំឡេងឆ្នើម ទទួលបានពាន់រង្វាន់មាស និងថិវកា៕