(ភ្នំពេញ)៖ លោក Gunnar Wiegand មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប (EU) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា សហភាពអឺរ៉ុប សន្យាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយកម្ពុជាបន្ថែមទៀត លើគ្រប់វិស័យជាពិសេស គឺបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក និងទប់ស្កាត់អំពើភេរវកម្ម រួមទាំងបង្កើនទំហំពាណិជ្ជកម្ម ជាមួយគ្នាជាដើម។
ការសន្យាយ៉ាងដូច្នោះបានធ្វើឡើងក្នុងឱកាសដែល លោក Gunnar Wiegand មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម ជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃកម្ពុជា។
លោក Gunnar Wiegand បានលើកឡើងថា សហភាពអឺរ៉ុបនៅបន្តជួយដល់កម្ពុជាជានិច្ច ខណៈកាលពីពេលកន្លងទៅសហភាពអឺរ៉ុប បានផ្តល់ជំនួយឥតសំណងប្រមាណ ជាងបួនរយលានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍លើវិស័យជាច្រើន នៅកម្ពុជាដល់ឆ្នាំ២០១៨នោះ។
លោក Gunnar Wiegand បានបន្តថា កម្ពុជាគឺជាមិត្តដ៏ល្អ ជាមួយសហភាពអឺរ៉ុប ហើយពាណិជ្ជកម្មរបស់កម្ពុជា ប្រមាណ៤០ភាគរយ បាននាំទៅសហភាពអឺរ៉ុបជារៀងរាល់ឆ្នាំ ដូច្នេះអ្វីដែលសហភាពអឺរ៉ុប ចង់ពង្រឹងបន្ថែមទៀត ជាមួយកម្ពុជានោះ គឺលើផ្នែកសន្តិសុខក្នុងតំបន់ ក៏ដូចជាពិភពលោក ទាំងរួមគ្នាកំចាត់នូវអំពើភេរវកម្មជាដើម។
ជាមួយគ្នានោះដែរលោក Gunnar Wiegand ក៏បានលើកឡើង អំពីស្ថានភាពនយោបាយនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្នផងដែរ ដោយលោកលើកឡើងថា សហភាពអឺរ៉ុប ចង់ឃើញដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងផងដែរថា អ្វីដែលកើតឡើងនៅពេលនេះ គឺក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល គ្រាន់តែបំពេញកាត្វកិច្ចរបស់ខ្លួន ក្នុងការអនុវត្ត ច្បាប់តែប៉ុណ្ណោះ ជាពិសេសក្រសួងមហាផ្ទៃ គឺជាស្ថាប័នអនុវត្តច្បាប់ ដូច្នេះអ្វីដែលក្រសួងមហាផ្ទៃបានធ្វើ គឺស្របទៅនឹងតួនាទីភារកិច្ចរបស់ខ្លួន និងអនុវត្តទៅតាមច្បាប់តែប៉ុណ្ណោះ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា កម្ពុជា នឹងមិនងាយរែក នៅតែបន្ដប្រកាន់យកនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សព្រោះអី នេះគឺជាដំណើរផ្លូវតែមួយគត់ ដែលនាំកម្ពុជាឆ្ពោះ ទៅរកសុខសន្ដិភាព និងការអភិវឌ្ឍន៍តទៅអនាគត៕