(ព្រះវិហារ)៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងព្រះវិហារ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីល្បួងក្មេងស្រីអនិតិជនម្នាក់ រំលោភរហូតបានសម្រេច។
ការឃាត់ខ្លួនបុរសចំណាស់រូបនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
អធិការនគរបាលក្រុងព្រះវិហារ លោកវរសេនីយ៍ទោ គង់ គា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ដួង សំ អាយុ៦៧ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ម សជ អាយុ១០ឆ្នាំ ជនសង្ស័យ និងជនរងគ្រោះមានផ្ទះជាប់គ្នា។
លោកអធិការក្រុងព្រះវិហារបានបន្តថា ករណីចាប់រំលោភនេះ គឺបានកើតឡើងតាំងពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ មកម្ល៉េះ តែក្មេងស្រីរងគ្រោះព្យាយាមលាក់លៀមមិនប្រាប់ឪពុកម្តាយឲ្យដឹង ព្រោះជនសង្សយ័បានឲ្យលុយ ៥០០រៀល ទៅក្មេងរងគ្រោះជាថ្នូរនឹងការមិននិយាយប្រាប់អ្នកណា រួមទាំងឪពុកម្តាយផង តែដោយថ្ងៃកើតហេតុមានប្រជាពលរដ្ឋក្បែរខាង បានឃើញក៏បាននិយាយតៗគ្នា រហូតឮដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជនសង្ស័យតែម្តង។
លោកវរសេនីយ៍ទោ គង់ គា បានរៀបរាប់ដំណើររឿងថា មុនពេលកើតហេតុ ជនសង្ស័យបានល្បួងក្មេងស្រីរងគ្រោះទៅក្រោយផ្ទះ ដើម្បីកាច់អំពៅហូប លុះឃើញសភាពស្ងាត់ល្អក៏បានចាប់រំលោភរហូតបានសម្រេច។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕