(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការអស់រយៈពេលជិត១ថ្ងៃរហូតដល់ម៉ោង១៧៖០៥នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលបានប្រកាសសាលដីកាសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិហើយ។ ជាមួយគ្នានេះតុលាការក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ។
នៅក្នុងសវនាការលោក ឌិត មុន្ទី ប្រធានតុលាការកំពូល និងប្រធានអង្គជំនុំជម្រះ បានប្រកាសរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរ និងបិទផ្លូវតវ៉ា ព្រមទាំងប្រកាសហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នសាក់ មិនឲ្យុធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ក្រោយពីបញ្ចប់ការធ្វើសវនការក្រុមមេធាវីក្រសួងមហាផ្ទៃ បានប្រកាសថា «តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្រ្គោះជាតិជាស្ថាពរតែម្តង និងប្រកាសហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នសាក់ មិនឲ្យុធ្វើនយោបាយរយៈពេល៥ឆ្នាំ»។
លោកមេធាវី គី តិច បានបញ្ជាក់ថា ការប្រកាសរបស់តុលាការកំពូលលើករណីរំលាយគណបក្សសង្រ្គោះជាតិនេះ គឺជាការប្រកាសបិទផ្លូវតវ៉ាតែម្តង។
សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៤០ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួមតាមដានអាចកត់ត្រាបាន។
សវនាការរបស់ តុលាការកំពូល ដើម្បីជំនុំជម្រះរឿងរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិនេះ បានធ្វើឡើងពុំមានការតវ៉ា ពីសកម្មជនរបស់គណបក្សប្រឆាំងទេ ខណៈដែល លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សដែលជាប់ចោទរឿងក្បត់ជាតិមួយនេះ បានអំពាវនាវ ឱ្យសកម្មជន និងអ្នកគាំទ្រខ្លួន ប្រមូលផ្តុំគ្នានៅមុខតុលាការ។
គណបក្សប្រឆាំងសង្រ្គោះជាតិ ត្រូវបានបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី មានរូបសញ្ញា «ភ្លើងទៀន» របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មានរូបសញ្ញា «ព្រះចន្ទ» របស់លោក កឹម សុខា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នំា២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ គិតត្រឹមថ្ងៃដែលតុលាការកំពូលរំលាយចោលគណបក្សប្រឆាំងមួយនេះ មានអាយុជាង ៥ឆ្នាំ៕