(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្អែកនេះ សាលាឧទ្ធរណ៍ នឹងបើកសវនាការជំនុំជម្រះលើបណ្តឹងរបស់ លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលបានប្តឹងជំទាស់ទៅនឹងការសាលក្រមសម្រេចរបស់តុលាការក្រុងភ្នំពេញ។ នេះបើតាម លោក គី តិច មេធាវីការពារគណបក្សប្រជាជនកម្ពុជា ដែលជាដើមបណ្តឹង។
លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ដោយផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យ៨លានរៀលចូលថវិការដ្ឋ ព្រមទាំងបង្គាប់ឱ្យសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៨០០លានរៀល ករណីចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិតកែម ឡី ។
លោក គឹម សុខ ត្រូវបានតុលាការចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោ ដូចគ្នា គឺ ពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ ៕