(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ឲ្យដឹងថា ការដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិតនៅកម្ពុជា មិនមែនបញ្ចប់ត្រឹម១៧០ដុល្លារ ក្នុងឆ្នាំ២០១៨នោះទេ គឺនឹងមានការដំឡើងជាបន្តបន្ទាប់ថែមទៀត នៅបណ្តាឆ្នាំនានាខាងមុខនេះ។ (សូមទស្សនាវីដេអូប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន)
ការប្រកាសបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនី សរុបជិត ២ម៉ឺននាក់មកពីរោងចក្រចំនួន១៣ នៅតំបន់ឧស្សាហកម្ម 7NG ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ឆ្នាំ២០១៨ ប្រាក់ខែរបស់កម្មករ នឹងឡើងដល់១៧០ដុល្លារក្នុង១ខែ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ប្រាក់ខែរបស់កម្មករ មិនមែនដំឡើងត្រឹម ១៧០ដុល្លារនោះទេ ឆ្នាំ២០១៩ នឹងឡើងប្រាក់ខែសារជាថ្មីម្តងទៀត ប្រាក់ឈ្នួលអប្បបរមា នឹងត្រូវកើនឡើង ជារៀងរាល់ឆ្នាំ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលនយោបាយ ដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ជារៀងរាល់ឆ្នាំ។ នៅឆ្នាំ២០១៧នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត កើនឡើងដល់ ១៥៧ដុល្លារ ដោយមិនទាន់រាប់បញ្ចូលទាំងប្រាក់ អត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ។ ដោយឡែកនៅឆ្នាំក្រោយនេះ ប្រាក់ឈ្នួលរបស់កម្មករនឹងកើនឡើងដល់១៧០ដុល្លារ ដោយចាប់ផ្តើមអនុវត្ត ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ។
ទន្ទឹមនឹងការដំឡើងនេះ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ផ្តល់សេវានានាបន្ថែមទៀត ដល់កម្មករនិយោជិត ក្នុងនោះមានរបបថែទាំងសុខភាព របបគ្រោះថ្នាក់ការងារ និងប្រាក់សោធនិវត្តន៍ ដែលអនុវត្តនៅឆ្នាំ២០១៩ ខាងមុខនេះ៕