Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសតែងតាំងអភិបាលស្រុកកំចាយមារ, លោក សឿង សុជាតិ ជំនួសលោក ប្រាក់ សុវណ្ណ ដែលត្រូវដំឡើងជាអភិបាលរងខេត្តស្វាយរៀង

16-11-2017 16:21

(ព្រៃវែង)៖ នៅសាលាស្រុកកំចាយមារលោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត នៅរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងលោក សឿង សុជាតិ ជាអភិបាលស្រុកកំចាយមារ ជំនួសលោក ប្រាក់ សុវណ្ណ ត្រូវទៅកាន់មុខដំណែង ជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង។

លោក ជា សុមេធី និងលោក ស្បោង សារ៉ាត បានមានមតិផ្តាំផ្ញើដល់លោក សឿង សុជាតិ អភិបាលស្រុកថ្មី ត្រូវយកចិត្តទុកដាក់ រៀបចំអភិវឌ្ឍន៍ស្រុកឲ្យមានការរីកចចម្រើនបន្ត យកចិត្តទុកដាក់បង្ការ ទប់ស្កាត់ បង្រ្កាប នូវអំពើលួច ឆក់ប្លន់ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ និងល្បែងស៊ីសងគ្រប់ប្រភេទ ធានាឲ្យបាននូវសុវត្ថភាពជូនប្រជាពលរដ្ឋ ជាពិសេសបំរើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យ បានទាន់ពេលវេលា និងមិនត្រូវទារកំរៃសេវាលើសការកំណត់នោះទេ។

លោកអភិបាលខេត្តបានបន្តថា អភិបាលស្រុកថ្មី ត្រូវស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ជាតិមាតុភូមិជាតិ សាសនា ព្រះហាក្សត្រ សាមគ្គីភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាលស្រុកឲ្យបានល្អ ទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សាស្រុក ការិយាល័យនានាជុំវិញស្រុក និងអង្កការដែលជាដៃគូរមានអង្កការជាតិ និងអន្តរជាតិ ដើម្បីធ្វើឲ្យបានសម្រេចនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ បន្តខិតខំប្រឹងប្រែង អភិវឌ្ឍន៏សមិទ្ធិផលថ្មីបន្ថែមទៀត នៅក្នុងស្រុកនេះ ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីអនុវត្តនូវតួនាទីភារៈកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូនប្រកបដោយប្រសិទ្ធភាព និងជំនឿទុកចិត្ត សំដៅអោយការអនុវត្តគោលនយោបាយ កំណែទម្រង់ វិមជ្ឍការ និងវិសហមជ្ឍការនៅថ្នាក់ក្រោមជាតិអោយបានជោគជ័យ ខិតខំចុះធ្វើវេទិការសាធារណៈនៅតាមភូមិ ឃុំ ដើម្បីក្តាប់នូវរាល់សូមណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវរាល់សូមណូមពរទាំងនោះជូនពួកគាត់អោយបានទាន់ពេលវេលា៕