(កណ្ដាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឲ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ ប្រើប្រាស់កាលបរិច្ឆេទ ប្រើប្រាស់កាលបរិច្ឆេទ ទាំងចន្ទគតិ និងសុរិយគតិ ក្នុងលិខិតនានា ដោយយកគំរូតាមលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកលែងតែលិខិត ទៅក្រៅប្រទេស។ (សូមទស្សនាវីដេអូប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន)
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការធ្វើបែបនេះ ទើបធ្វើឱ្យយុវជន និងប្រជាពលរដ្ឋខ្មែរយល់ និងចេះដឹងកាន់តែច្បាស់អំពីការប្រើប្រាស់កាលបរិច្ឆេទ ក៏ដូចជាស្គាល់អ្វីដែលហៅថា សុរិយគតិ និងចន្ទគតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃក្រោយត្រូវប្រើប្រាស់ពីរតែម្តង គ្រប់ស្ថាប័នរដ្ឋទាំងអស់ រៀនតាមឯកឧត្តម ជា សុផារ៉ា សរសេរទាំងពីរតែម្តង សម្រាប់ទំនាក់ទំនងក្នុងស្រុក លើកលែងតែលិខិតផ្ញើទៅក្រៅប្រទេស ដាក់ទាំងពីរទើបបាន បើមិនអញ្ចឹងទេ ខ្មែរនាំគ្នាភ្លេចអស់»។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «ឥឡូវ ថ្ងៃហ្នឹង គឺថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ១៣រោច ខែកក្តឹក ឆ្នាំរកា ពុទ្ធសករាជ្យ២៥៦១ យើងត្រូវដាក់អញ្ចឹង បើមិនដូច្នោះទេ គឺនាំគ្នាភ្លេចអស់»។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សរុបជិត ២ម៉ឺននាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ឧស្សាហកម្ម 7NG ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ឯកសារមួយចំនួន បានបង្ហាញថា ចន្ទគតិ គឺជាប្រតិទិន ដែលរាប់តាមរយៈវេលារបស់ ព្រះច័ន្ទ ទាំងអស់មាន១២ខែ។ មានតែប្រតិទិនសាសនាម៉ូស្លិម ហៅ ប្រតិទិនហីរី ដែលតាមចន្ទគតិខែទាំង១២ មានដូចជា៖ មិគសិរ, បុស្ស, មាឃ, ផល្គុន, ចេត្រ, ពិសាខ, ជេស្ឋ, អាសាឍ, ស្រាពណ៍, ភទ្របទ, អស្សុជ និងកត្តិកជាដើម។ ការរាប់ថ្ងៃខាងចន្ទគតិចាប់ផ្តើមរាប់ពីថ្ងៃ ១កើត ដល់ថ្ងៃ ១៥ កើត រហូតដល់ថ្ងៃ ១ រោច ដល់ថ្ងៃ ១៤ រោចក្នុងខែលេខសេស និង ថ្ងៃ ១៥ រោចក្នុងខែលេខគូ។ ឧទាហរណ៍កាលបរិច្ឆេទចន្ទគតិ៖ ថ្ងៃ១៣រោច ខែកក្តឹក ឆ្នាំរកា។ ដោយឡែកសម្រាប់ សុរិយគតិវិញ គឺជាប្រតិទិនដែលរាប់ តាមរយៈវេលារបស់ ព្រះអាទិត្យ មាន១២ខែដូចគ្នា គឺមករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា និងធ្នូ។ កាលបរិច្ឆេទតាមសុរិយគតិ ដូចជា ថ្ងៃអាទិត្យ ទី១ ខែមករា...ជាដើម៕