(កំពង់ធំ)៖ ក្រសួងរ៉ែ និងថាមពល រួមជាមួយរដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបើកសិក្ខាសាលាស្តី ពីការផ្សព្វផ្សាយសារាចរណែនាំ ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ និងប្រកាសស្តីពី នីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាព ស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ ដល់មន្ត្រីរាជការ ក្រុមហ៊ុនឯកជន និងអាវជីវករ។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការចូលពីសំណាក់លោក លាង ឆាលី អនុរដ្ឋលេខាធិការក្រសួងរ៉ែ លោកប្រធានមន្ទីរ អភិបាលក្រុង-ស្រុកទាំង៨ និងមន្ត្រីអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុន អាជីវករ និងម្ចាស់ស្ថានីយក្នុងខេត្តប្រមាណជាង ១០០នាក់។
លោក សុខ លូ បានលើកឡើងថា នៅដើមឆ្នាំ២០១៨ ខាងមុខនេះ សាលាខេត្តកំពង់ធំនឹងដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ ដើម្បីបម្រើផលប្រយជន៍ប្រជាពលរដ្ឋ ដោយសារប្រទេសជាតិមានសន្តិភាព និងមានការរីកចម្រើនបានធ្វើឲ្យមានការកើតឡើងនូវស្ថានីយជាច្រើន ដូច្នេះសូមឲ្យអ្នកចូលរួមទាំងអស់គោរពច្បាប់ ដើម្បីទទួលបានសុវត្ថិភាព។
លោក ឌិត ទីណា បានឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឲ្យតម្រូវការប្រើប្រាស់ប្រេងឧស្ម័នមានការរីចម្រើនគួរឲ្យកត់សម្គាល់ ការបង្កើតស្ថានីយ៍ឧស្ម័នឥន្ទនៈ ការស្តុបទុក ការដឹកជញ្ជូន ការចែកចាយ និងការប្រើប្រាស់ឧស្ម័នឥន្ទនៈ សម្រាប់បម្រើឲ្យសេចក្តីតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងរាជធានី និងតាមបណ្តាខេត្តក៏មានការរីកចម្រើនដូចគ្នាដែរ។ ដូច្នេះ ឧបទ្ទវហេតុនៃគ្រោះអគ្គិភ័យដែលបណ្តាលមកពីការផ្ទុះ និងការឆាបឧស្ម័នឥន្ទនៈ ក៏បានកើតឡើងជាបន្តបន្ទាប់ ដែលធ្វើឲ្យមានការខូចខាតទ្រព្យសម្បត្តិ រងរបួស និងបាត់បង់អាយុជីវិតថែមទៀតផង។
លោក ទីណា បានបន្តថា គោលបំណងសិក្ខាសាលានេះ មានគោលដៅកំណត់បទដ្ឋានបច្ចេកទេសសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយប្រេងឥន្ទនៈ ស្ថានីយឧស្ម័នឥន្ទនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ទនៈ ធានាថាបុគ្គលដែលបង្កើត និងប្រតិបត្តិការស្ថានីយប្រេងឥន្ទនៈ ស្របតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាពឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានល្អ ដើម្បីកាត់បន្ថយឧបទ្ទវហេតុនានា ដែលកើតឡើងជាយថាហេតុ ផ្តល់នីតិវិធីក្នុងការចេញលិខិតអនុញ្ញាតផ្សេងៗដល់អាជីវករ ឬក្រុមហ៊ុនស្ថានីយប្រេងឥន្ទនៈ ស្ថានីយឧស្ម័នឥន្ទនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ទនៈ ស្របតាមគតិយុត្តឲ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
លោករដ្ឋលេខាធិការបានស្នើឲ្យក្រុមហ៊ុនអាជីវករ និងម្ចាស់ស្ថានីយទាំងអស់ គោរពច្បាប់ទៅតាមការណែនាំ តាមបទដ្ឋានបច្ចេកទេសជំនាញ និងសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជារួម៕