(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកំពុងពិចារណាក្នុងការផ្តល់ ជំនួយមនុស្សធម៌ ទៅកាន់ប្រទេសហ្វីលីពីន និងមីយ៉ាន់ម៉ា ដោយសារប្រទេសទាំង២នេះ កំពុងតែរងគ្រោះ និងត្រូវការជំនួយជាស្បៀងអាហារ ដើម្បីទ្រទ្រង់ទៅដល់ជនសឹកសង្រ្គាម។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋខ្មែរ ពិតជាមានភ័ព្វសំណាងខ្លាំងណាស់ ដែលបានរស់នៅលើទឹកដីកម្ពុជា ខុសប្លែកពីប្រទេសអាស៊ានមួយចំនួនទៀត ដែលនៅតែមានសង្រ្គាម និងការបង្ហូរឈាមឥតឈប់ឈរ។ (សូមទស្សនាវីដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្ដេចបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ ចំនួន១៣ នៅតំបន់ឧស្សាហកម្ម 7NG ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងតែពិចារណាដើម្បីផ្តល់ជំនួយមនុស្សធម៌ មួយផ្នែកអាចទៅកាន់ប្រទេសហ្វីលីពីន ដើម្បស្តារឡើងវិញ ពីព្រោះត្រូវការស្បៀងអាហារ ឲ្យជនសឹកសង្រ្គាម ហើយយើងក៏កំពុងពិចារណា ការរួមចំណែក ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋនៅរដ្ឋរ៉ាឃីង ដែលមួយផ្នែករស់នៅបង់ក្លាដែស និងមួយផ្នែកទៀតរស់នៅប្រទេសមីយ៉ាន់ម៉ា នេះក៏ចង្អុលឲ្យឃើញថា ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាននៅមិនទាន់ផុតពីសង្រ្គាមនៅឡើយទេ កម្ពុជាពិតជាមានភ័ព្ធសំណាងក្រោយ គ្រាប់ផ្លោងពិតជាមានភ័ព្វសំណាងណាស់»។
គួរបញ្ជាក់ថា ប្រទេសបទក្តៅ ដែលកើតឡើងនៅប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ននេះ គឺសង្រ្គាមរវាង ជនជាតិរ៉ូហ៊ីងយ៉ា ជាមួយយោធាមីយ៉ាន់ម៉ា។ កន្លងមកមានជនជាតិរ៉ូហ៊ីងយ៉ារាប់សិបនាក់ រងគ្រោះ បន្ទាប់ពីក្រុមភេរវករបង្កការអុកឡុក ក្នុងរដ្ឋរ៉ាឃីន។ ពួកគេជាង៦០០,០០០នាក់ ត្រូវរត់ភៀសខ្លួនទៅជ្រកកោណជាបណ្តោះអាសន្ន នៅប្រទេសបង់ក្លាដែស ដោយផ្សងគ្រោះថ្នាក់នឹងគ្រាប់មីន ព្រមទាំងការលិចទូក បណ្តាលឲ្យស្លាប់រាប់រយនាក់ផងដែរ។
ចំណែកនៅប្រទេសហ្វីលីពីនវិញ គឺកើតមានសង្រ្គាមរវាងក្រុមយោធាហ្វីលីពីន ជាមួយក្រុមសកម្មប្រយុទ្ធ ដែលកើតឡើងនៅទីក្រុងម៉ារ៉ាវី ដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រង នៃបណ្តាញក្រុម ISIS។ សង្រ្គាមនេះ ក៏បានបណ្តាលឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់ស្លាប់ បាត់បង់ជីវិត និងមានជាច្រើននាក់ទៀតរងរបួស និងភៀសខ្លួនផងដែរ៕