(កណ្ដាល)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពា​វនាវឲ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស មិនថាចាស់ ឬក្មេងនោះទេ ត្រូវរួមគ្នាការពារសន្ដិភាព ការពារអធិបតេយ្យភាព និងឯករាជ្យជាតិរបស់កម្ពុជាយើងខាងតែបាន។ (សូមទស្សនាវីដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បញ្ជាក់ផងដែរថា ​​ក្នុងស្ថានភាពរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន គឺទាមទារឲ្យសម្តេចរឹងប៉ឹងឡើង ដើម្បីប្រយុទ្ធប្រឆាំងជាមួយបដិវត្តន៍ពណ៌ ការពារសុខសន្តិភាពនាំប្រទេសជាតិ ទៅរកការរីកចម្រើន នាំប្រជាជនទៅរកប្រាក់ចំណូលខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ពូសូមអំពាវនាវឲ្យទាំងអស់គ្នា ដើម្បីរក្សាឲ្យខាងតែបាននូវសន្ដិភាព ដែលយើងរកបានយ៉ាងលំបាក គ្មានសន្ដិភាព វាគ្មានការអភិវឌ្ឍន៍ ណាមួយនោះទេ ហើយបើគ្មានការអភិវឌ្ឍន៍ យើងក៏មិនអាចរក្សាទុកនូវសន្ដិភាពបានដែរ អញ្ចឹងប្រជាជនកម្ពុជាមានកាតព្វកិច្ច ដើម្បីការពារនូវសន្ដិភាព សម្រាប់ប្រទេសរបស់ខ្លួន មិនគ្រាន់តែសន្ដិភាព ដើម្បីសន្ដិភាពនោះទេ តែត្រូវមានឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីផងដែរ»

ការ​មានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅ​ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្ដេចបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត​២ម៉ឺននាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ឧស្សាហកម្ម 7NG ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជាមួយគ្នានេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បន្ដប្រកាសជំហរថា សម្ដេចនឹងធ្វើឲ្យប្រទេសកម្ពុជាចាកចេញពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយនឹងបន្ដធ្វើឲ្យប្រទេសកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០​៕