(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះ ការវិនិយោគទៅលើវិស័យអចលនទ្រព្យ មានការប្រកួតប្រជែងយ៉ាងខ្លាំង តែទោះ​បីជាមានការ ប្រកួតប្រជែងយ៉ាងណាក្ដីក៏វិស័យនេះ មិនមានជាបញ្ហាចោទ សម្រាប់អ្នកវិនិយោគិននោះឡើយ ដោយសារតែកំណើនប្រជាជន នៅតែបន្ដកើនឡើង ហើយបើយោងទៅតាមការព្យាករណ៍ ប្រជាជន​កម្ពុជាដែលរស់នៅក្នុងទីក្រុងនឹងមានការ​កើនឡើងរហូតដល់៧លាននាក់នៅឆ្នាំ២០៣០។ នេះបើតាមការបញ្ជាក់ពីលោក ភូ សម្បត្តិ ប្រធានផ្នែកទីផ្សារបុរីភ្នំពេញថ្មី។

ថ្លែងក្នុងកម្មវិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង គ្រីស្កាល់ផាក នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះលោក ភូ សម្បតិ្ត បានថ្លែងឲ្យដឹងថា «ជារឿងធម្មតានោះទេ ការប្រកួតប្រជែងតែងតែមាន តែប្រសិនបើក្រឡែកទៅមើលកំណើនប្រជាជន នា​ពេលបច្ចុប្បន្ន នៅក្នុងទីក្រុងភ្នំពេញវិញ តាមរយៈការស្ទាបស្ទង់ពីស្ថាប័នមួយចំនួនឃើញថា កំណើនប្រជាជននៅក្នុងទី​ក្រុងភ្នំពេញមានការកើនឡើងជាបន្ដបន្ទាប់ ជាមធ្យមកំណើនប្រជាជនកើនឡើងពី១០ម៉ឺនទៅ១៥ម៉ឺននាក់ក្នុង១ឆ្នាំៗ»។

លោកបានបញ្ជាក់ទៀតថា «តាមរយៈការព្យាករណ៍នៅក្នុង​ឆ្នាំ២០២០ នឹងមានប្រជាជនកើនឡើងពី៣លានកន្លះ រហូតដល់៧លាន​នាក់ នៅក្នុងឆ្នាំ២០៣០។ បើយោងទៅតាមស្ថិតិដែលចេញផ្សាយពី South East Asia Globe News Magazine បានឲ្យដឹងថា តម្រូវការផ្ទះល្វែង ឬអាគារស្នាក់នៅក្នុងទីក្រុងភ្នំពេញ នឹងកើនមានរហូតដល់៨០ម៉ឺនផ្ទះ ក្នុងឆ្នាំ២០៣០»

លោកបានបន្ថែមទៀតថា ដើម្បីឲ្យអតិថិជនជឿជាក់ទៅលើបុរី ត្រូវមានគោលការណ៍សំខាន់បីយ៉ាងរួមមាន៖
១៖ គុណភាព មានន័យថា ត្រូវសិក្សាឲ្យស៊ីជម្រៅទៅលើគុណភាពគ្រឹះក្រោមដី គុណភាពសំណង់ក្នុងផ្ទះ ឬអាគារទាំងមូល ផ្ដោតទៅលើគុណភាពបរិស្ថានជុំវិញបុរីទាំង សួនច្បារ និងប្រព័ន្ធលូទឹកភ្លៀង។
២៖ សោភ័ណភាព ត្រូវ​ផ្ដោតទៅលើសោភ័ណភាពទូទៅក្នុងអាគារទាំងមូល។
៣៖ ឧត្តមភាពក្នុងការរស់នៅក្នុងបុរី។

គម្រោង គ្រីស្ដាល់ផាក ជាគម្រោងទី៩របស់បុរីភ្នំពេញថ្មី ដែលមានទីតាំងនៅតាមផ្លូវវេងស្រេង បត់ចូលផ្លូវអង់តាមិញ ប្រមាណ
២០០​ម៉ែត្រ។

អ្នកនាង គីម ងីន បុគ្គលិកផ្នែកលក់បុរីភ្នំពេញថ្មី បានថ្លែងឲ្យដឹងថា សម្រាប់គម្រោងថ្មីនេះ មានដូចជាផ្ទះល្វែង វីឡាភ្លោះ វីឡាកូនកាត់ វីឡាកូនកាត់ខ្នាតតូច វីឡាកូនកាត់ខ្នាតធំ និងវីឡាទោល ដែលមានតម្លៃចាប់ពី១១ម៉ឺនដុល្លារឡើងទៅ។ ដោយមានចំនួន១៩៣​ផ្ទះ នៅលើផ្ទះដី៤ហិចតា។

អ្នកនាងបានបន្ដទៀតថា គម្រោងថ្មីនេះក៏មានការផ្តល់ជូនពិសេសដល់អតិថិជន អតិថិជនដែលបានមកជាវគម្រោងនេះ​ចាប់ពី​ថ្ងៃនេះ នឹងមានការបញ្ចុះតម្លៃ៣% សម្រាប់ផ្ទះវីឡាគ្រប់ប្រភេទ ប្រសិនបើអតិថិជនបង់ប្រាក់ ក្នុងគោលការណ៍​ណាមួយក្រុមហ៊ុន ក៏មានការបញ្ចុះតម្លៃ៥% បន្ថែមទៀតផងដែរ ដូច្នេះអតិថិជនទាំងអស់នឹងទទួល បានការបញ្ចុះតម្លៃរហូតដល់៨%។

គម្រោងថ្មីនេះស្ថិតនៅលើទីតាំងល្អ ដោយមានតភ្ជាប់ផ្លូវជាច្រើនខ្សែ ងាយស្រួលក្នុងការបើកអាជីវកម្មនានា គម្រោង គ្រីស្កាល់ផាក នេះ​គ្រោងនឹងបញ្ចប់ការសាងសងរយៈពេលពីរឆ្នាំខាងមុខ៕