(វែនគូវឺ,កាណាដា)៖ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលប្រទេសកាណាដា ទទួលធ្វើជាម្ចាស់ផ្ទះ បណ្តាលរដ្ឋជាសមាជិក ចូលរួមក្នុងកិច្ចប្រជុំនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ថែរក្សាសន្តិភាពក្នុងពិភពលោក ការបង្កើនយ៉េនឌ័រ រួមទាំងការបង្កើនសមត្ថភាព ជំនាញថែរក្សាសន្តិភាព។
នៅក្នុងកិច្ចប្រជុំនោះ បានគោរពវិញ្ញាណខន្ធ ដល់បុគ្គលិកកងទ័ពមួកខៀវ របស់អង្គការសហប្រជាជាតិដែលបានពលីជីវិត ក្នុងបុព្វហេតុរក្សាសន្តិភាពនារយៈពេលកន្លងមក។
ក្នុងកិច្ចប្រជុំរយៈពេញមួយថ្ងៃ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កិច្ចប្រជុំបានផ្តល់នូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងរិះរកវិធីថែរក្សាសន្តិភាពសំរាប់ថ្ងៃអនាគត។
ថ្លែងសន្ទរកថា ទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងចាត់ទុក កិច្ចប្រជុំនេះ មានសារសំខាន់សំរាប់បំរើឲ្យការងារថែរក្សាសន្តិភាព ក្នុងគោលដៅរួមគ្នាមួយ តាមរយៈការប្តេជ្ញាចិត្ត ដ៏មុតមាំរបស់ប្រមុខដឹកនាំ ក្នុងការធានាសុវត្ថិភាព និងសន្តិសុខដល់កងកំលាំងថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដើម្បីសង្គ្រោះជីវិតមនុស្ស កាពារប្រជាជន និងជួយប្រទេសជាច្រើន ដែលកំពុងតស៊ូងើបពីជំលោះ។
សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួន ចូលរួមចំណែកយ៉ាងសកម្មនៅ ក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិភាព អង្គការសហប្រជាជាតិ និង រង់ចាំបញ្ជូនក្រុមបោសសំអាតមីនចំនួន២កង អាវុធហត្ថ១កង និងវិស្វកម្ម១កង នៅក្នុងប្រពន្ធ័ត្រៀមជាស្រេច ដែលមានសមត្ថភាពទាំងរចនាសម្ព័ន និង គ្រឿងបំពាក់សំរាប់ឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងអំឡុងពេលមានការស្នើសុំជាផ្លូវការ ពីទីបញ្ជាការរបស់អង្គការសហប្រជាជាតិ ប្រចាំទីក្រុងញូវយ៉ក ព្រមទាំងទាហានសេនាធិការ និង សង្កេតការណ៍យោធាសំរាប់ប៉ុស្តិ៍នានា ក្នុងតំបន់បេសកកម្ម។
សម្តេច ទៀ បាញ់ បានសង្កត់ធ្ងន់ថា ដោយសារពេលបច្ចុប្បន្ន កំលាំងរក្សាសន្តិភាពនារីរបស់កម្ពុជា មិនទាន់ឆ្លើយតបទៅ និងតំរូវការជាក់ស្តែង ក្នុងតំបន់បេសកកម្ម ដូចនេះកម្ពុជាប្តេជ្ញារួមចំណែកជាមួយ បណ្តាលប្រទសបរិច្ចាកផ្សេងៗ ក្នុងការបង្កើនការចូលរួមរបស់នារីឲ្យបានដល់១៥% តាមផែនការរបស់អង្គការសហប្រជាជាតិ កំណត់សំរាប់ឆ្នាំ២០១៧ និងឈានទៅលើសផែនការកំណត់ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ក្នុងតំបន់បេសកកម្ម៕