(កណ្ដាល)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនធ្វើអាយ៉ងឲ្យបរទេស ឬធ្វើតាមខ្សែញ៉ាក់របស់បរទេស ព្រោះតែចង់បានសន្ដិភាព និងចង់បានជំនួយបន្ដិចបន្ទួចនោះទេ ដាច់ខាតត្រូវលើកកម្ពស់ស្មារតីជាតិនិយមស្មារតីឯករាជ្យដោយខ្លួនឯង។ (សូមទស្សនាវីដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
ត្រង់ចំណុចនេះ នាយករដ្ឋមន្រ្តី ដ៏មានឥទ្ធិពលរបស់កម្ពុជា ក៏បានបញ្ជាក់ដែរថា មិនមែនជាការវាយតម្លៃទាបចំពោះប្រទេសដទៃនោះទេ ប៉ុន្ដែចង់ការពារប្រទេសកម្ពុជា មិនឲ្យមានការជ្រៀតជ្រែកពីបរទេសមួយចំនួន ព្រោះថា កម្ពុជាមានឯករាជ្យ គ្រប់គ្រាន់ក្នុងការប្រើប្រាស់ សិទ្ធិរបស់ខ្លួន ដោយមិនចាំបាច់បរទេសមកបញ្ជាឡើយ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករជាង២ម៉ឺននាក់ មកពីរោងចក្រចំនួន១៣ ក្នុងតំបន់ 7NG នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល គូសបញ្ជាក់ថា ព្រោះតែចង់បានជំនួយបន្ដិចបន្ទួច កម្ពុជាធ្លាប់រងនូវការដាក់ទណ្ឌកម្មយ៉ាងអយុត្តិធម៌បំផុតពីបរទេស។ «យើងមិនត្រូវឱនក្បាល គ្រាន់តែដើម្បីដោះដូរ ជាមួយនឹងជំនួយបន្ដិចបន្ទួចនោះទេ យើងធ្លាប់រងនូវការដាក់ទណ្ឌកម្មដល់អយុត្តិធម៌បំផុតពីសំណាក់លោក ពីខាងក្រៅហើយ ការមិនឱនក្បាលរបស់យើងវាជាកិត្តិយសនៃជាតិរបស់យើង [...] យើងមិនមែនគ្រាន់តែចង់បានសន្ដិភាព ហើយឱនក្បាលដើម្បី ធ្វើអាយ៉ងរបស់អ្នកណាទេ យើងមិនគ្រាន់តែចង់ជំនួយប៉ុន្ដែបែរជាឱនក្បាល ក្រោមខ្សែញ៉ាក់របស់អ្នកណាទេ យើងត្រូវការស្នើភាព និងស្នើសិទ្ធិៗ»។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី ដែលនាំកម្ពុជាចេញពីភ្លើងសង្គ្រាម និងការបែកបាក់ខ្ទេចខ្ទាំងនោះ បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឲ្យលើកកម្ពស់ស្មារតីជាតិនិយម ស្មារតីឯករាជ្យ ស្មារតីការពារ នូវអធិបតេយ្យ និងបូរណភាពទឹកដី ហើយសម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋទាំងក្មេង ទាំងចាស់ ទាំងប្រុសទាំងស្រី ទាំងគ្រប់ស្រទាប់វណ្ណៈ និងយល់ព្រមជាមួយសម្ដេច ដើម្បីលើកតម្លៃឯករាជ្យ អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកទៅកាន់កម្មករជាង២ម៉ឺននាក់ ពីអ្វីដែលសម្ដេចនិយាយទៅប្រធានាធិបតីរបស់អាមេរិក លោក ដូណាល់ ត្រាំ ដែលពាក់ព័ន្ធការស្នើឲ្យពិចារណាបង្វែរបំណុល ដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ មកជាជំនួយសម្រាប់អភិវឌ្ឍន៍កម្ពុជាជំនួសវិញ។
សំណើដែលបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោក ដូណាល់ ត្រាំ បំណុលដែលកម្ពុជាជំពាក់អាមេរិក គឺប្រៀបដូចជាអាមេរិក យកញញួរមកវាយក្បាលកម្ពុជា ហើយឲ្យកម្ពុជាសងថ្លៃញញួរនោះថែមទៀត៕