(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែ អន្តរជាតិភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះពិនិត្យតាមផ្ទះម៉ាតច្បារអំពៅ ផ្សារព្រែកប្រា ផ្សារចំពុះក្អែក និងផ្សារព្រែកឯង ក្នុងខណ្ឌច្បារអំពៅ។
មន្រ្តីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅតាមផ្សារ និងម៉ាតនេះ ផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាន និងកំពុងដាក់តាំងលក់ ហើយជាពិសេសជាងនេះ គឺផ្តោតសំខាន់ផលិតផលត្រី Tuna កែវមានគំរប ដោយសារតែថ្មីៗនេះ ក្រុមហ៊ុនរបស់ប្រទេសបារាំង បានរកឃើញថា នៅក្នុងផលិតផលម្ហូបអាហារមួយនេះ មានវត្តមានបំណែកដុំកែវ ដែលធ្វើឲ្យគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពអ្នកបរិភោគ។
មន្រ្តីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ ក៏បានធ្វើតេស្តលើផលិតម្ហូបអាហារ ដូចជាជ្រក់ត្រសក់ មុំា មីលឿង សរសៃគុយទាវ ប្រហិត មឹក បង្គារ ការ៉ុត ម្ទេសប្លោក ស្លឹកគីឆាយ ជាលទ្ធផលរកមិនឃើញផលិតផលណាមួយមានសារធាតុគីមីហាមឃាត់នោះទេ។
បើតាមលោកប៊ុន ចំរើន បានឲ្យដឹងថា សកម្មភាពចុះតាមផ្សារ តាមម៉ាត របស់មន្រ្តីកាំកុងត្រូល គឺជាសកម្មភាពប្រចាំ ខែ ប្រចំាឆ្នាំរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញគោលការណ៍ច្បាស់។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារនឹងហាង នឹងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕