(ភ្នំពេញ)៖ នៅវេលាម៉ោង២៖១០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានចាប់ផ្តើមបន្តសវនាការជំនុំជម្រះកាត់ទោសសំណុំរឿង រំលាយ គណបក្សសង្រ្គោះជាតិបន្តទៀតហើយ ក្រោយពេលដកឃ្លាសម្រាករយៈពេល២ម៉ោង។ នេះបើតាមការអះអាងរបស់ អ្នកនាំពាក្យតុលាការកំពូល ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ក្រោយពេលបិទសវនាការ។
ភ្នាក់ងារ Fresh News រាយការណ៍ពីខាងមុខតុលាការកំពូល បានឲ្យដឹងថា ក្រុមមេធាវីក្រសួងមហាផ្ទៃ ចំនួន៤រូប បានអញ្ជើញទៅដល់វេលាម៉ោងជិត២រសៀល។
អ្នកនាំពាក្យតុលាការកំពូលលោក អ៊ុក គឹមសិទ្ធិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សាលដីការបស់តុលាការកំពូល ដែលកាត់ទោស «រំលាយគណបក្សសង្រ្គោះជាតិ» នឹងត្រូវប្រកាសនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតែម្តង ដោយមិនរង់ចាំ ដល់ថ្ងៃស្អែកនោះទេ៕
សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៤០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប ដឹកនាំដោយលោក ឌិត មុន្ទី និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួមតាមដានអាចកត់ត្រាបាន៕